អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយបែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានាឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ថ្មីៗនេះ តាមរយៈទំព័រផេកផ្លូវការរបស់អ្នកគ្រូដែលមានឈ្មោះ My Destiny បានចែករំលែកពីឆ្នាំឆុងទាំង ៣ សម្រាប់ឆ្នាំ ២០២៥ ដែលរួមមាន ឆ្នាំកុរ ឆ្នាំវក និង ឆ្នាំខាល។ ក្នុងនោះ អ្នកគ្រូបានបញ្ជាក់ឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៥ ឆ្នាំកុរ គឺឆុង 100% កម្លាំងថាមពលឆ្នាំម្សាញ់ ជា (Tai Sui) ប្រចាំឆ្នាំ ២០២៥ មកឆុងខ្លាំងជាមួយឆ្នាំកុរ ខណៈការឆុង មានឆុងហេង និង ឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យខ្លាំង។
អ្នកគ្រូបានបន្តថា ឆុងស៊យ សម្រាប់បុគ្គលដែលកើតក្នុងឆ្នាំកុរ ហើយមិនត្រូវជាមួយធាតុភ្លើងនៅក្នុងឆ្នាំ ២០២៥ សូមមានការប្រុងប្រយ័ត្នចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗ ការខាតបង់ទ្រព្យសម្បត្តិ លុយកាក់ជាដើម។ ដោយឡែក ឆុងហេង សម្រាប់បុគ្គលដែលកើតក្នុងឆ្នាំកុរហើយត្រូវការធាតុភ្លើង ជីវិតនឹងមានការផ្លាស់ប្តូរទៅរកភាពល្អប្រសើរឡើង ដូចជាបានទទួលទ្រព្យសម្បត្តិ មរតកដីធ្លី បានទិញរថយន្តអគ្គិសនីថ្មីៗ៕