ចាប់តាំងពីជួបហេតុការណ៍គ្រោះថ្នាក់ដើរធ្លាក់ពីលើឆាកប្រកួតរហូតរងរបួសធ្ងន់ធ្ងរមក Miss Universe Jamaica នាង Gabrielle Henry គឺមិនទាន់មានសញ្ញាធូរស្រាលនោះទេ ដោយបន្តតាមដានស្ថានភាពក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។


ជាក់ស្ដែង តាមការបញ្ជាក់ពីខាងស្ថាប័ន Miss Universe Jamaica លើ story IG កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ បាននិយាយថា ម្ដាយ និង បងស្រីរបស់ Gabrielle Henry គឺនៅក្បែរមើលថែនាងជានិច្ចនៅមន្ទីរពេទ្យ Paolo Rangsit ប្រទេសថៃ។ បើតាមបងស្រីរបស់នាងបានប្រាប់ឱ្យដឹងថា ស្ថានភាពរបស់បវរកញ្ញារូបនេះគឺមិនទាន់ធូរស្រាលនោះទេ ដោយក្រុមគ្រូពេទ្យនៅបន្តព្យាបាលនៅឡើយ។ ក្រុមគ្រូពេទ្យសម្រេចចិត្តដាក់នាងក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងហោចណាស់ ៧ ថ្ងៃ ដើម្បីពិនិត្យព្យាបាលដោយយកចិត្តទុកដាក់បំផុត។


គួររំឭកថា កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ នៅរាត្រីប្រកួតបឋមកម្មវិធី Miss Universe 2025 បវរកញ្ញាតំណាងឱ្យប្រទេស Jamaica បានជួបគ្រោះថ្នាក់ធ្លាក់ពីលើឆាកប្រកួតមួយទំហឹង អំឡុងពេលដើរបង្ហាញសមត្ថភាពក្នុងឈុតរាត្រីសមោសរ រហូតរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ អំឡុងពេលនោះដែរ ខាងក្រុមគ្រូពេទ្យបានបញ្ជាក់ដែរថា នាងមិនមានរបួសគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ប៉ុន្តែទាមទារឱ្យបន្តតាមដានស្ថានភាពបន្ថែម។ ដោយសារតែគ្រោះថ្នាក់ភ្លាមៗនេះហើយ បានធ្វើឱ្យបវរកញ្ញាដ៏ស្រស់ស្អាតមួយរូបនេះ ត្រូវខកខានមិនបានចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនោះ៕


ប្រភព៖ VN Express