នៅរាត្រីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ កម្មវិធីប្រកួតសម្រស់វ័យក្មេង Miss Preteen International Cambodia បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ និង រកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Preteen International Cambodia ប្រចាំឆ្នាំ ២០២៤ នេះហើយ ដើម្បីតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។
ក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រនេះដែរ តាមរយៈការផ្សាយបន្តផ្ទាល់លើផេក Miss Preteen International Cambodia បានធ្វើឱ្យមហាជនអ្នកគាំទ្រតាមដានវិស័យបវរកញ្ញាជាច្រើនរំភើប និង បង្ហាញការអបអរសាទរដោយក្ដីពេញចិត្តចំពោះម្ចាស់ជ័យលាភីគ្រងមកុដវ័យក្មេងថ្មី Miss Preteen International Cambodia 2024 គឺបានទៅលើបវរកញ្ញាយុវតី ស្ងួន កវីម៉ូនីកា ។
ជាមួយម្ចាស់ជ័យលាភីគ្រងមកុដ ក្នុងនោះបេក្ខភាពយុវតីជើងខ្លាំង ៤ រូបទៀតក៏ទទួលបានជ័យលាភីគាប់ចិត្តដែរ ដោយជ័យលាភីរងទី ១ បានទៅលើយុវតី គីម ច័ន្ទជីញហ្វា, ជ័យលាភីរងទី ២ បានទៅលើយុវតី គង់ សោម៉ា, ជ័យលាភីលំដាប់រងទី ៣ បានទៅលើយុវតី លី វិជ្ជរ៉ា និង ជ័យលាភីលំដាប់រងទី ៤ បានទៅលើយុវតី ឡាយ គីមហៀក៕