កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ក្រុងហុងកុង ប្រទេសចិន បានជួបប្រទះនឹងគ្រោះអគ្គិភ័យដ៏អាក្រក់បំផុតដែលបានឆក់យកអាយុជីវិតមនុស្សរហូតដល់ ៤៤ នាក់ និង ២៧៩ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

អគ្គិភ័យទ្រង់ទ្រាយធំនេះដែរ បានកើតឡើងនៅតំបន់ Wong Fuk សង្កាត់ Tai Po ដោយភ្លើងឆេះស្បៃ និង ឫស្សីជួសជុលអគាររាលដាលខ្លាំងសន្ធោសន្ធៅរហូតឆេះពាសពេញទាំងអគារ ៧-៨ ខ្នងនៅទីនោះគួរឱ្យរន្ធត់ជាទីបំផុត។ ប្រធានាធិបតី Xi Jinping បានសម្ដែងការរំលែកទុក្ខចំពោះហេតុការណ៍អគ្គិភ័យដ៏អាក្រក់ដែលបានកើតឡើង និង ឆក់យកជីវិតមនុស្សស្លូតត្រង់ជាង ៤០ នាក់។

ទិដ្ឋភាពស្ដែងៗនៃគ្រោះអគ្គិភ័យខាងលើនេះ បានបង្ហាញឱ្យឃើញអគារអាផាតមិនខ្ពស់ៗ ៧-៨ ខ្នង ត្រូវភ្លើងលេបត្របាក់ក្រហមឆ្អិនឆ្អៅនៅគ្រប់ជាន់គួរឱ្យតក់ស្លុត សឹងមិនជឿថាជាទិដ្ឋភាពពិតៗ ដោយមើលទៅប្រៀបដូចវិនាសកម្មថតក្នុងរឿង ឬដូចជារូប AI ជាដើម៕




