ចំពោះទំនាក់ទំនងរវាងលោក ចៅ ដាឡែត និង កញ្ញា តារាម៉ាលីន ដ្បិតតែកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានបញ្ចប់ការចាក់ផ្សាយហើយក្តី តែអ្នកទាំងពីរនៅតែទទួលបានការគាំទ្រ និង ចាប់អារម្មណ៍ពីសកម្មភាពឯកជន ជាពិសេសគឺទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរ។
យ៉ាងណាមិញ ថ្មីៗកន្លងទៅ ស្របពេលមហាជនអ្នកគាំទ្រកំពុងសង្ស័យលេចឮថាជិតមានដំណឹងល្អ ស្រាប់តែ ម៉ាលីន និង ដាឡែត ធ្វើឱ្យអ្នកគាំទ្ររំភើបមិនតិចឡើយ ខណៈបានឃើញវីដេអូនៃសកម្មភាពរបស់អ្នកទាំងពីរបានណាត់ជួបគ្នាទៅញ៉ាំអាហារយ៉ាងរ៉ូមែនទិច ថែមទាំងបានជិះឧទ្ធម្ភាគចក្រមើលទេសភាពជាមួយគ្នាយ៉ាងផ្អែមល្ហែម ព្រមទាំងពេលចុះពីលើឧទ្ធម្ភាគចក្រភ្លាម ដាឡែត ក៏បានលត់ជង្គង់សុំ ម៉ាលីន រៀបការទៀតផង។
ចំពោះវីដេអូសកម្មភាពនៃការសុំរៀបការនេះដែរ កញ្ញា ម៉ាលីន និង លោក ដាឡែត ក៏ពុំបានបញ្ជាក់ច្បាស់ថាជាការពិតឬយ៉ាងណាដែរ ខណៈសាមីខ្លួនទាំងពីរ មិនបានបកស្រាយប្រាប់មហាជនបន្ថែមអ្វីទៀតឡើយ។ ដោយឡែក ចាប់តាំងពីបង្ហាញវីដេអូសុំរៀបការដ៏ផ្អែមល្ហែមនោះ ស្រីស្អាតប្រុសសង្ហាមួយគូនេះ កាន់តែបង្ហាញភាពស្និទ្ធស្នាល និង កាយវិការផ្អែមល្ហែមឱបថើបគ្នាស្និទ្ធៗលើបណ្ដាញសង្គមធ្វើឱ្យអ្នកគាំទ្ររំភើបជាហូរហែ។
ជាក់ស្ដែង ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ទៀត ខណៈបានឃើញអ្នកទាំងពីរឆ្លើយឆ្លងពាក្យសម្ដីគ្នានៅលើហ្វេសប៊ុកយ៉ាងគួរឱ្យស្រឡាញ់ ដោយលោក ដាឡែត បានចែករំលែកវីដេអូមួយរបស់ ម៉ាលីន ភ្ជាប់ជាមួយសារថា ៖ «So beautiful ឆយ»។ រីឯខាងស្រីវិញឃើញបែបនេះ ក៏ចូលទៅខមមិនក្រោមការចែករំលែករបស់លោក ដាឡែត ដោយហាក់អន់ចិត្ត និង ប្រាប់លោកថា ៖ «ឆាប់ដាក់ My ពីមុខហើយលុបឆយភ្លាម» ទៀតផង៕