នៅព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាចម្រៀងប្រុសលោក ឆាយ វីរៈយុទ្ធ យ៉ាងខ្លាំង ដែលលោកកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់គ្មានថ្ងៃត្រឡប់ គឺអ្នកម្ដាយបង្កើតរបស់លោកបានទទួលមរណភាពហើយ។
បើតាមរយៈគណនីហ្វេសប៊ុករបស់លោក ឆាយ វីរៈយុទ្ធ បានប្ដូររូបភាពប្រូហ្វាល់កាន់ទុក្ខអ្នកម្ដាយ និង បង្ហោះសាររៀបរាប់ពេញដោយក្ដីទុក្ខសោកសង្រេងបំផុតថា ៖ «អ្នកម៉ែ (គង់ ស៊ីង) អនិច្ចកម្ម ថ្ងៃអាទិត្យ ៨ កើត ខែ មិគសិរ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨ : ៤៥ យប់»។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយលោក និង ក្រុមគ្រួសារជាបន្តបន្ទាប់៕