ថ្មីៗនេះ សារព័ត៌មាន Ettoday បានរាយការណ៍ពីរឿងរ៉ាវរបស់បុរសជនជាតិចិនម្នាក់ ដែលកើតអាការឈឺពោះធ្ងន់ធ្ងរ ឯឈាមក៏ប្រែទៅជាពណ៌សដូចទឹកដោះគោ ក្រោយពីញ៉ាំតែបឺហ្គឺចំនួន ៧ ថ្ងៃជាប់គ្នា។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះជាមនុស្សចូលចិត្តការញ៉ាំខ្លាំងណាស់ គេតែងតែញ៉ាំអាហារនៅខាងក្រៅជាប្រចាំ ហើយនៅពេលដែលធ្វើការដល់យប់ជ្រៅ ក៏ឆ្លៀតកុម៉្មង់បឺហ្គឺមកទទួលទានផងដែរ ដោយមុននឹងធ្លាក់ខ្លួនឈឺនេះ គេទទួលទានតែបឺហ្គឺចំនួន ៧ ថ្ងៃជាប់គ្នាតែម្តង។ បុរសរូបនេះក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ព្រោះតែមានការឈឺពោះធ្ងន់ធ្ងរ ហើយខាងគ្រូពេទ្យបានបូមឈាមមើល ក៏ឃើញថាឈាមរបស់គេមានពណ៌សខុសធម្មតា ក្រោយមកទើបវិនិច្ឆ័យឃើញថា គេមានការរលាកលំពែង និង ជាតិខ្លាញ់ក្នុងឈាមខ្ពស់។
យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថា មូលហេតុនៃជំងឺទាំងនេះគឺសុទ្ធតែបង្កមកពីទម្លាប់ការញ៉ាំរបស់គេ។ ការញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ច្រើនក្នុងរយៈពេលយូរនឹងធ្វើឱ្យជាតិខ្លាញ់ក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស ទន្ទឹមនឹងនេះការសេពគ្រឿងស្រវឹង ការធាត់ ជំងឺទឹកនោមផ្អែម និង ផលប៉ះពាល់នៃថ្នាំមួយចំនួន ក៏អាចបណ្តាលឱ្យមានជាតិខ្លាញ់ក្នុងឈាម និង រលាកលំពែងបានដូចគ្នា៕
ប្រភព៖ Khasod