បើគិតមកដល់ពេលនេះ ចំណងស្នេហ៍របស់តារាចម្រៀង ទេព បូព្រឹក្ស និង លោក ជី ដេវីត មានរយៈពេលជាង ៨ ឆ្នាំ។ ក្នុងនោះ អ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត ក៏ទទួលបានចំណងដៃកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ Albert ផងដែរ។
ជាការពិត បើទោះជាមិនទាន់បានរៀបចំពិធីមង្គលការតាមប្រពៃណីក្តី ប៉ុន្តែអ្នកនាង ទេព បូព្រឹក្ស បានឱ្យដឹងថា នាង និង ស្វាមីបានចុះអេតាស៊ីវិលក្លាយជាប្ដីប្រពន្ធតាមផ្លូវច្បាប់រួចរាល់ហើយ។
ងាកទៅរឿងរៀបការឯណោះវិញ មិនថាតែអ្នកគាំទ្រនោះទេ ពោលគឺសូម្បីមិត្តភក្តិក្នុងរង្វង់សិល្បៈ ក៏រង់ចាំឱ្យអ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត រៀបចំពិធីមង្គលការឱ្យធំដុំដូចគេដូចឯង ដើម្បីបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតរបស់គូស្វាមីភរិយាមួយគូនេះ ក្នុងឈុតរៀបការ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងរៀបការ មួយរយៈក្រោយនេះ អ្នកនាង ទេព បូព្រឹក្ស តែងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ ខណៈបានឃើញអ្នកនាងបង្ហើបពីដំណឹងនឹងរៀបចំពិធីមង្គលការនៅក្នុងឆ្នាំ ២០២៥ នេះ។
ដោយឡែក ក្រោយបង្ហើបពីបំណងចង់ចូលរោងការ ថ្មីៗនេះ គូស្នេហ៍មួយគូនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចាប់អារម្មណ៍ និង សង្ស័យថា អ្នកទាំង ២ នឹងចូលរោងការឆាប់ៗខាងមុខនេះហើយ ខណៈអ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីដ បានបង្ហោះវីដេអូក្នុងឈុរបុរាណថតនៅឯទឹកដីអង្គរ ប្រៀបដូចជាថត Pre-wedding អ៊ីចឹង៕