បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាជិតមួយឆ្នាំហើយ បើគិតចាប់តាំងពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ដែលតារាចម្រៀងសំឡេងផ្អែមលោក ស៊ូលី ផេង បានដឹកដៃកូនក្រមុំអ្នកខេត្តកំពង់ចាមរៀបការក្លាយជាប្តីប្រពន្ធតាមប្រពៃណី។
ក្នុងនោះដែរ គេចាំបានថា មុននឹងថ្ងៃមង្គលការបានមកដល់ លោក ស៊ូលី ផេង បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្ងាត់ៗលោកបង្ហាញរូបភាព Pre-Wedding ខណៈកន្លងមកលោកមិនធ្លាប់លេចឮដំណឹងមានម្ចាស់ចិត្តសោះនោះ។
ក្រោយរៀបការរួច លោក ស៊ូលី ផេង ក៏មើលទៅហាក់រស់នៅយ៉ាង Private ក្នុងជីវិតគូរបស់លោកយ៉ាងស្ងប់ស្ងាត់មានក្ដីសុខជាមួយនឹងភរិយា គឺអ្នកនាង ឡេង វល័ក្ខ ដោយពួកគេមិនសូវបង្ហាញពីជីវិតឯកជននៅលើបណ្ដាញសង្គមដូចគូស្នេហ៍សិល្បៈមួយចំនួនឡើយ។ លើសពីនេះ ដ្បិតថាជីវិតពិតរបស់ ស៊ូលី ផេង មានស្នេហាដ៏ផ្អែមល្ហែមជាមួយភរិយាក្ដី ប៉ុន្ដែលោកនៅតែបន្តចេញបទចម្រៀងបែបមនោសញ្ចេតនាស្នេហាឈឺចាប់បម្រើអារម្មណ៍អ្នកគាំទ្រដដែល។
យ៉ាងណាមិញ ថ្មីៗនេះ ភរិយាលោក ស៊ូលី ផេង គឺអ្នកនាង ឡេង វល័ក្ខ បានបង្ហោះរូបភាពរំឭកអនុស្សាវរីយជាមួយនឹងស្វាមីតាំងពីឆ្នាំ ២០២០ រហូតមកដល់ឆ្នាំ ២០២៤ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីទំនាក់ទំនងយ៉ាងស្ងប់ស្ងាត់របស់អ្នកទាំង ២ តាំងពីជាសង្សារ រហូតក្លាជាគូដណ្តឹង និង បានរៀបការនឹងគ្នា។
លើសពីនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺអ្នកគាំទ្រចូលទៅបញ្ចេញមតិស្រដៀងៗគ្នា ដោយចំអន់លេងជាមួយ Idol ស៊ូលី ផេង ថា៖ «បទបង ស៊ូលី ផេង Sad តែអ្នកច្រៀងមិន Sad ទេ Pink ខ្លាំង», «បង ស៊ូលី ផេង នាំគេ Sad ប៉ុន្តែគាត់ឡើង sweet», «គាត់មានគូហើយ តាមពិត single តែអ្នកស្ដាប់បទគាត់ហ្នឹង» និង «Sad តាម song បង ស៊ូលី ផេង ៥ ឆ្នាំ ប៉ុន្តែជីវិតពិតរបស់គាត់»៕