និយាយពីបវរកញ្ញាវ័យក្មេងដ៏មានសក្កានុពល ជូរី ល្អហួស ម្ចាស់មកុដអន្តរជាតិ Miss Preteen Junior Idol World 2024 បន្ទាប់ពីទទួលបានជោគជ័យលើវិស័យបវរកញ្ញានេះមួយកម្រិត កន្លងទៅនាងក៏ធ្លាប់បង្ហាញពីក្ដីស្រមៃតាំងពីក្មេងលើវិស័យនេះទៀតពេលពេញវ័យ ដែលមានបំណងចង់ចូលរួមប្រកួតដណ្ដើមមកុដក្នុងកម្មវិធីប្រកួត MGC។
យ៉ាងណាមិញ ស្របពេលកំពុងផ្ទុះរឿងរ៉ាវទាក់ទងនឹងកម្មវិធីប្រកួត MGI កាលពីកន្លងទៅ ក៏បានឃើញហ្វេសប៊ុកផេករបស់បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បង្ហោះនិយាយក្នុងនាមជាប្រជាជនខ្មែរមួយរូប ទោះជាត្រូវបញ្ចប់ក្ដីស្រមៃរបស់ខ្លួនត្រឹមពេលនេះមែន ក៏នាងមិនឱ្យជាតិសាសន៍ណាមួយមកមើលងាយប្រទេសរបស់នាងដែរ ដោយនាងនឹងបង្ហាញពីក្ដីស្រមៃថ្មីសម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀតលើឆាក Miss Universe Cambodia វិញម្ដង។
ដោយឡែក ថ្មីៗនេះ បវរកញ្ញាវ័យក្មេង ល្អហួស បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ពីក្ដីស្រមៃក្នុងវិស័យបវរកញ្ញារបស់នាងជាថ្មី ខណៈកៀកពេលត្រូវផ្ទេរមកុដលើឆាកអន្តរជាតិ បវរកញ្ញាវ័យក្មេងរូបនេះក៏បានប្រកាសក្នុងកិច្ចសម្ភាសមួយនឹងត្រៀមខ្លួនចូលរួមប្រកួតបវរកញ្ញាម្ដងទៀត ដែលអាចក្នុងកម្មវិធីប្រកួតបវរកញ្ញាវ័យក្មេងណាមួយ ដោយមិនបានរងចាំគ្រប់អាយុចូលប្រកួត Miss Universe Cambodia ឡើយ។ ក្នុងនោះ ល្អហួស បានរៀបរាប់ថាទាន់មានឱកាសច្រើន ស្ដាយសមត្ថភាព ទេពកោសល្យរបស់ខ្លួន នាងចង់ជួយផ្សព្វផ្សាយលើកមុខមាត់ប្រទេសទៅកាន់ពិភពលោកឱ្យបានច្រើនផងដែរ៕