និយាយពីវិស័យសិល្បៈរបស់កំពូលតារាចម្រៀងប្រុស ឧកញ៉ា ខេមរៈ សិរីមន្ត ប៉ុន្មានឆ្នាំចុងក្រោយនេះ មហាជនអ្នកគាំទ្របានជ្រាបហើយ ដ្បិតតែលោកមមាញឹកកាន់កាប់មុខជំនួញមែន ប៉ុន្តែលោកឧកញ៉ាតែងបង្ហាញស្នាដៃចេញបទចម្រៀងថ្មីៗជាច្រើន ដោយសុទ្ធសឹងតែជាបទបែបសម័យថ្មីពេញនិយមសម្រាប់យុវវ័យ។
លើសពីនេះ រាល់ស្នាដៃបទចម្រៀងថ្មីៗជាមួយនឹងការលេងខ្លួនបែបស្ទីលថ្មីប្លែកពេញនិយមរបស់កំពូលតារាចម្រៀងរូបនេះ កន្លងមកក៏ទទួលបានការគាំទ្រ និង សរសើរពីមហាជនអ្នកគាំទ្ររបស់លោកផងដែរ ប៉ុន្តែក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនមិនសូវពេញចិត្តចំពោះស្ទីលថ្មីទាន់សម័យរបស់លោក ដោយពួកគេភាគច្រើនចង់ឃើញលោកបង្ហាញស្នាដៃថ្មី ប៉ុន្តែស្ទីលចាស់ដូចពីមុនវិញ។
ដោយឡែក មកដល់ថ្មីៗនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ផ្ទុះចាប់អារម្មណ៍ និង បង្ហាញការពេញចិត្តជាថ្មី ក្រោយពីបានឃើញលោកឧកញ៉ាបញ្ចេញនូវស្នាដៃ MV បទចម្រៀងថ្មីមួយបែបស្ទីលរបស់លោកពីមុន ពីរោះ និង មានអត្ថន័យខ្លាំង ដែលបានលើកទឹកចិត្តទាក់ទងនឹងជីវិតតស៊ូរបស់អ្នកធ្វើការប្រមូលសំរាម។
យ៉ាងណាមិញ គ្រាន់តែស្នាដៃ MV ចម្រៀងខ្លីមួយរបស់កំពូលតារាចម្រៀងប្រុសរូបនេះ បញ្ចេញជាផ្លូវការលើផេកហ្វេសប៊ុកភ្លាម មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត ផ្ទុះការចែករំលែក និង បញ្ចេញមតិសរសើរពេញចិត្តខ្លាំង ដោយឃើញអ្នកគាំទ្រភាគច្រើនលើកឡើងស្រដៀងៗគ្នាថា «Idol ពីមុនត្រលប់មកវិញជាដើម»៕
សូមទស្សនាវីដេអូខាងក្រោម៖