មហាជនអ្នកតាមដានវិស័យបវរកញ្ញាសុទ្ធតែបានជ្រាបជុំវិញរឿងរ៉ាវនៃការតំណាងប្រទេសប្រកួត MPI 2024 កន្លងទៅ ដែលក្រោយពីបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ បានប្រកាសធ្វើពហិកាមិនបន្តចូលរួមប្រកួត MPI 2024 នោះ ស្ថាប័ន Miss Planet Cambodia ក៏ប្រកាសតែងតាំងឱ្យបវរកញ្ញាលំដាប់រងទី ១ កញ្ញា ខន សុវណ្ណសូនីតា ក្លាយជាម្ចាស់មកុដថ្មី MPC 2024 និង ចូលរួមប្រកួតលើឆាកអន្តរជាតិ MPI 2024 ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ចំពោះម្ចាស់មកុដ MPC 2024 ថ្មីនេះដែរ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានបង្ហាញការគាំទ្រលើកទឹកចិត្តនាងយ៉ាងពេញទំហឹង និង សរសើរពីឆន្ទៈដ៏មោះមុតរបស់នាង ព្រមទាំងមើលឃើញពីភាពស័ក្តិសម ដែលនាងមានទាំងសមត្ថភាព ចំណេះដឹង និង រូបសម្រស់។
យ៉ាងណាមិញ ដ្បិតតែមិនបានត្រៀមខ្លួនសម្រាប់ការប្រកួតដូចបវរកញ្ញាដទៃ ពោលគឺបានត្រៀមខ្លួនតែប៉ុន្មានម៉ោងមុនឡើងឆាកប្រកួតផ្ដាច់ព្រ័ត្រមែន ប៉ុន្តែ ខន សុវណ្ណសូនីតា បានឈរលើឆាកអន្តរជាតិ MPI 2024 នេះ តំណាងប្រទេសបង្ហាញសមត្ថភាពធ្វើបានយ៉ាងល្អជាទីមោទកភាពសម្រាប់អ្នកគាំទ្រកម្ពុជា ដែលក្នុងការប្រកួតនេះនាងក៏បានឈានចូល Top ២៧ នាក់ចុងក្រោយតាមរយៈការបោះឆ្នោតផងដែរ។
ក្រោយពីបានបំពេញបេសកម្មតំណាងប្រទេសក្នុងនាមជា MPC 2024 ថ្មីនេះដែរ កញ្ញា ខន សុវណ្ណសូនីតា ពិតជាទទួលបានការស្រឡាញ់ពេញចិត្ត និង គាំទ្រពីមហាជនជាច្រើន ព្រមទាំងពេលនេះក៏កំពុងក្ដោបបានឱកាសការងារជាបន្តបន្ទាប់ពីម្ចាស់ឧបត្តម្ភធំៗនៃកម្មវិធីអន្តរជាតិនេះ។
ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ កញ្ញា ខន សុវណ្ណសូនីតា ធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបអបអរជំនួស ខណៈបានឃើញនាងក្ដោបបានឱកាសការងារក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនផលិតផលក្នុងស្រុកដ៏ធំមួយ៕