នាពេលថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជនអំពីដំណោះស្រាយថ្មី មានលក្ខណៈងាយស្រួល សម្រាប់បងប្អូនដែលបានធ្វើលិខិតឆ្លងដែនហើយដល់ថ្ងៃកំណត់ ពុំមានពេលទៅយកដោយផ្ទាល់នៅទីតាំងដែលបានធ្វើ។

ឯកឧត្តមបានបញ្ជាក់ឱ្យបានដឹងថា ពលរដ្ឋដែលបានទៅធ្វើលិខិតឆ្លងដែននៅនាយកដ្ឋាន និង នៅផ្សារទំនើបអ៊ីអន ២ ដល់ពេលកំណត់ពុំចាំបាច់ទៅយកដោយផ្ទាល់ក៏បាន គឺភ្នាក់ងារប្រៃសណីយ៍កម្ពុជា នឹងយកជូនដល់ផ្ទះ ដោយគ្រាន់តែបង់សេវាពី ៧ ពាន់ ទៅ ១ ម៉ឺន ៥ ពាន់រៀលតែប៉ុណ្ណោះ។

ក្នុងនោះ ឯកឧត្តមបានបន្ថែមថា បងប្អូនកុំភ្លេចសាកសួរមន្ត្រីពេលទៅបំពេញបែបបទធ្វើ ខណៈធ្វើហើយមិនពិបាកទៅយកទៀតទេ ភ្នាក់ងារប្រៃសណីយ៍កម្ពុជា នឹងជួយយកជូនដល់ផ្ទះដោយធានាទាន់ពេល និង មិនបាត់បង់៕

ប្រភព ៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង