មានស្រ្តីម្នាក់ជនជាតិតៃវ៉ាន់ម្នាក់ បានរៀបរាប់ឱ្យដឹងពីករណីរបស់កូនស្រីខ្លួន ដែលមានដុំសាច់ដុះក្នុងខួរក្បាលតម្រូវឱ្យមានការវះកាត់ ហើយក៏បានណាត់វេជ្ជបណ្ឌិតដើម្បីវះកាត់ចេញ តែរឿងដែលភ្ញាក់ផ្អើលបំផុតនោះគឺ គ្រូពេទ្យប្រាប់ថារកដុំសាច់មិនឃើញទៅវិញ។
ស្រ្តីរូបនេះបានឱ្យដឹងថាដំបូងឡើយ កូនស្រីរបស់នាងមានអាការឈឺក្បាល និង មើលមិនសូវច្បាស់ ទើបបាននាំទៅមន្ទីរពេទ្យពិនិត្យក៏ឃើញថានាងមានដុះដុំសាច់ក្នុងខួរក្បាល ដែលតម្រូវធ្វើការវះកាត់។ កូនស្រីក៏បានធ្វើការវះកាត់ទៅតាមការណាត់ ប៉ុន្តែខាងគ្រូពេទ្យក៏បានប្រាប់ថារកដុំសាច់មិនឃើញ ដែលធ្វើនាង និង ក្រុមគ្រួសារមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមុននឹងធ្វើការវះកាត់នេះគ្រូពេទ្យក៏បានធ្វើការពិភាក្សាល្អិតល្អន់ពីកន្លែងដុំសាច់ និង ផែនការវះកាត់រួចទៅហើយ។
យ៉ាងណាមិញ ស្រ្តីជាម្តាយក៏បានសម្រេចចិត្តពិភាក្សាជាមួយនឹងគ្រូពេទ្យម្តងទៀត ដើម្បីឱ្យគ្រូពេទ្យធ្វើការពិនិត្យ MRI ទៅលើកូនស្រីជាថ្មី និង ប្រមូលព័ត៌មានពីជំងឺឱ្យបានជាក់លាក់ ដើម្បីសុំជាជំនួយពីអ្នកជំនាញដទៃទៀត។ ដោយឡែក មហាជនតៃវ៉ាន់បាននាំគ្នារិះគន់យ៉ាងខ្លាំងទៅលើប្រព័ន្ធសុខាភិបាលរបស់ប្រទេស ហើយក៏បានណែនាំឱ្យស្រ្តីខាងលើប្តូរមន្ទីរពេទ្យ ដើម្បីសុវត្ថិភាពកូនស្រីផងដែរ៕
ប្រភព៖ Sanook