នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ជាពិសេសអ្នកសិល្បៈជាច្រើន មានការភ្ញាក់ផ្អើល និង សោកស្ដាយជាពន់ពេក ក្រោយទទួលបានដំណឹងថាតារាចម្រៀងប្រុសលោក ម៉ារ៉ា ប៊ុណា បានទទួលមរណភាពហើយ។

ចំពោះដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជនអ្នកគាំទ្រ ជាពិសេសមិត្តរួមសិល្បៈជាច្រើន បានចែករំលែកបង្ហាញអារម្មណ៍ស្រណោះសោកស្ដាយចំពោះតារាចម្រៀងប្រុសរូបនេះ ដែលមិត្តស្និទ្ធស្នាលក្នុងសិល្បៈជាច្រើន កំពុងចែករំលែកនូវអនុស្សាវរីយ៍ក្នុងការចង់ចាំល្អៗជាមួយតារាប្រុសរូបនេះបន្តបន្ទាប់។

ជាមួយគ្នានោះ តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម បានបង្ហាញការសោកស្ដាយ និង ចូលរួមរំលែកទុក្ខចំពោះការបាត់បង់មិត្តរួមអាជីពលោក ម៉ារ៉ាប៊ុណ្ណា ដែរ ដោយអ្នកនាងបានបញ្ជាក់ពីមូលហេតុនៃមរណភាពរបស់លោក គឺដោយសារគាំងបេះដូង ដែលពេលនេះសពបានតម្កល់នៅវត្តពោធិ៍ចិនតុង។


សារនោះ អ្នកនាង ខាត់ សុឃីម បានបង្ហោះរៀបរាប់ថា ៖ «មិត្តរួមអាជីពខ្ញុំ ចែកឋានម្នាក់ទៀតហើយ ជីវិតផុយម្ល៉េះ ម្ចាស់បទ ដីថ្លៃប្រល័យស្នេហ៍ RIP ម៉ារ៉ាប៊ុណ្ណា សូមប្អូនទៅកាន់ឋានសុខ សពតម្កល់នៅ វត្តពោធិ៍ចិនតុង (គាំងបេះដូង)»៕


