នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីឃាតកម្មសម្លាប់មនុស្ស ៩ នាក់ នៅភូមិពោន ឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

រដ្ឋបាលខេត្តបានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីករណីឃាតកម្ម ដុតផ្ទះ និង អារកសម្លាប់ នៅភូមិពោន ឃុំទទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្លាមៗអ្នកជំនាញបានចុះពិនិត្យ ស្រាវជ្រាវអំពីមូលហេតុ និង វែកមុខជនល្មើស ទទួលបានលទ្ធផលដូចខាងក្រោម ៖
១. ហេតុការណ៍ឃាតកម្ម ដុតផ្ទះ និង អារកសម្លាប់ ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៥:៣០ ព្រឹក ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ពោលគឺប្រមាណ ៣០ នាទីមុនសមត្ថកិច្ចទទួលបានព័ត៌មាន។ ទីតាំងផ្ទះកើតហេតុ គឺស្ថិតក្នុងដីចម្ការ ដាច់ស្រយាល។
២. ឃាតកម្មដុតផ្ទះ និង អារកសម្លាប់នេះ បានបណ្តាលឱ្យមនុស្ស ៩ នាក់ បាត់បង់ជីវិត ក្នុងនោះ ៨ នាក់ បាត់បង់ជីវិតក្នុងភ្នក់ភ្លើងផ្ទះឆេះ និង ម្នាក់ទៀតត្រូវបានអារកសម្លាប់នៅចម្ងាយ ប្រហែល ១០០ ម៉ែត្រ ពីទីតាំងផ្ទះឆេះ។ ជនរងគ្រោះទាំង ៩ នាក់ មានស្រី ៧ នាក់ និង ប្រុស ២ នាក់ និង សុទ្ធតែជាសាច់ញាតិនឹងគ្នា។
៣. ជនសង្ស័យជាឃាតក ត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះ សុបិន្ត មិនា អាយុ ២១ ឆ្នាំ ត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់ និង ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅចំណុចអូរហោះ ភូមិគីឡូ ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុករបស់ជនសង្ស័យ ហើយជនសង្ស័យ ក៏បានសារភាពនូវឃាតកម្មរបស់ខ្លួនរួចហើយ។


រដ្ឋបាលខេត្តបានឱ្យដឹងទៀតថា នៅពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ហាក់មានស្មារតីមិនប្រក្រតី តាមការពិនិត្យទឹកម៉ូត (ទឹកនោម) ជនសង្ស័យពុំត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងសារធាតុញៀនឡើយ សមត្ថកិច្ចនឹងបន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យ និង បន្តវិភាគបញ្ហាស្មារតីបន្ថែមទៀត។ ក្នុងនោះ បើតាមការសន្និដ្ឋានបឋម ជនសង្ស័យ និង ក្រុមជនរងគ្រោះ គឺជាសាច់ញាតិនឹងគ្នា ដូច្នេះបញ្ហា ឃាតកម្មនេះ គឺជាបញ្ហាផ្ទៃក្នុងគ្រួសារ។ ចំពោះមូលហេតុដែលនាំទៅដល់ការបង្កើតឱ្យមានឃាតកម្មនេះ គឺ ជនសង្ស័យបានសារភាពថា «ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំ រហូតដល់ខ្លួនបានសម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និង ក្មួយៗ សរុបទាំងអស់ ៩ នាក់»៕

សូមអានសេចក្ដីលម្អិត ៖
