យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន Jeju Air បានជួបបញ្ហាលើឧបករណ៍ចុះចត និង ត្រូវបង្ខំឱ្យធ្វើការចុះចតជាបន្ទាន់ ដោយហេតុការណ៍មួយនេះកើតឡើងត្រឹមមួយថ្ងៃក្រោយគ្រោះថ្នាក់ដ៏រន្ធត់នៃយន្តហោះរបស់ក្រុមហ៊ុនតែមួយនេះបានបុករបងព្រលានយន្តហោះរហូតផ្ទុះឆេះសម្លាប់មនុស្សអស់ ១៧៩ នាក់នោះ។
យន្តហោះ Jeju Air ជើងហោះហើរលេខ 7C101 ដឹកអ្នកដំណើរ ១៦១ នាក់ ហោះចេញពីព្រលានយន្តហោះ Gimpo នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង វេលាម៉ោង ៦ និង ៣៧ នាទីព្រឹកថ្ងៃ ៣០ ខែធ្នូ ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) ឆ្ពោះទៅកោះជេជូ។ យ៉ាងណាមិញ ភ្លាមៗក្រោយហោះចេញមិនបានប៉ុន្មាន អ្នកបើកយន្តហោះរកឃើញថាឧបករណ៍ចុះចតមានបញ្ហាខុសប្រក្រតីរហូតដាក់ស្នើសុំធ្វើការចុះចតវិញភ្លាមៗ។
យន្តហោះខាងលើបានបកក្បាលត្រឡប់ទៅព្រលានយន្តហោះ Gimpo វិញ និង ធ្វើការចុះចតដោយសុវត្ថិភាពនៅវេលាម៉ោង ៧ និង ២៥ នាទីព្រឹក ដោយអ្នកដំណើរទាំងអស់បានឡើងជិះយន្តហោះមួយផ្សេងទៀតបន្តដំណើរដោយសុវត្ថិភាព។
គួររំឭកថា កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ យន្តហោះ Boeing 737-800 របស់ Jeju Air បានហោះបុកនឹងសត្វស្លាប ហើយទំនងជាមានបញ្ហាជាមួយនឹងឧបករណ៍ចុះចត ធ្វើឱ្យអ្នកបើកជួបបញ្ហាពេលចុះចតរហូតមិនអាចបន្ថយល្បឿនបានទើបឈានដល់ការបុកជាមួយនឹងជញ្ជាំងថ្មព្រលានផ្ទុះឆេះយ៉ាងរន្ធត់បណ្ដាលឱ្យមនុស្សចំនួន ១៧៩ នាក់បានបាត់បង់ជីវិត៕
ប្រភព៖ VN Express