រយៈពេលជាង ២ ខែមកហើយ នៃមរណភាពរបស់តារាចម្រៀងរ៉េបល្បីឈ្មោះ លោក RuthKo ដែលបានបន្សល់ទុកនូវការឈឺចាប់ ភាពអាលោះអាល័យគ្មានភ្លេចពីសំណាក់អ្នកគាំទ្រ មិត្តភក្តិ ជាពិសេសក្រុមគ្រួសាររបស់លោក។

ក្នុងនោះ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ ដែលជាថ្ងៃខួបកំណើតរបស់លោក RuthKo បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កាន់តែរំជួលចិត្ត បន្ទាប់ពីបានឃើញមិត្តភក្តិ ក្រុមគ្រួសារ និង អ្នកគាំទ្រ បានសរសេរសារអបអរថ្ងៃកំណើតដល់តារាចម្រៀងរ៉េបរូបនេះ។

ដោយឡែក អ្វីដែលកាន់តែឈឺចាប់ទៀតនោះ គឺសាររបស់អ្នកម្តាយ លោក RuthKo បានបង្ហោះឡើងនៅក្នុងថ្ងៃកំណើតកូនប្រុស ស្រែកទាមទារឱ្យកូនប្រុសកើតជាថ្មីម្តងទៀត ក្រោកឡើងមកវិញ ដើម្បីបំពេញពាក្យសន្យា ដែលធ្លាប់ថា ចង់នៅមើលថែម្តាយ។

សារនោះ អ្នកម្តាយ លោក RuthKo បានរៀបរាប់ថា៖ «Alex! ថ្ងៃនេះជាថ្ងៃកំណើតកូន កូនកើតជាថ្មីម្ដងទៀតមក ហើយកូនមកប្រាប់ម៉ាក់ដូចយប់មុនកូនគ្រោះថ្នាក់កន្លះម៉ោងថា តើម៉ាក់គួររស់បែបណា ដើម្បីឱ្យរួចផុតពីស្ថានភាពធ្លាក់នរកកណ្ដាលផ្ទះជាយូរឆ្នាំមកនេះ? កូនថាចង់ឱ្យម៉ាក់រស់ជាមួយកូនឱ្យបានយូរ កូននឹងមើលថែម៉ាក់ដោយខ្លួនឯង ម៉ាក់ខ្លាចម៉ាក់ធ្វើមិនបាន ឯណាពាក្យសន្យារបស់កូន? ម៉ាក់ជឿថាកូនកំពុងមើលឃើញទុក្ខលំបាកឈឺចាប់ខ្លោចផ្សារខកចិត្តរបស់ម៉ាក់យ៉ាងច្បាស់ ព្រោះកូនបាននិយាយជាមួយម៉ាក់ច្បាស់ៗ មុនពេលកើតហេតុដោយមិនដឹងខ្លួននោះ ក្រោកឡើងមកវិញមក Alex ក្រោកមកវិញមកនៅជាមួយម៉ាក់ដូចកូនបានសន្យា»៕







