នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹង ឱ្យបានដឹងថា ផ្នែកសម្ភព និង រោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យ WORLDWIDE HEALING HAND មកពីសហរដ្ឋអាមេរិក នឹងផ្តល់ជូនការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ។
តាមការឱ្យដឹង មន្ទីរពេទ្យដ៏ធំនៅកម្ពុជាមួយនេះ នឹងមានការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃផ្ដល់ជូនចំនួន ២៥០ នាក់ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥។
ក្នុងនោះ ចំពោះស្ត្រីដែលមកទទួលការពិនិត្យត្រូវមានអាយុចន្លោះពី ២៥ ឆ្នាំ ទៅ ៦០ ឆ្នាំ មិនដែលធ្លាប់ទទួលការវះកាត់ពីមុនមក និង មិនធ្លាប់បានធ្វើតេស្តរកមេរោគបង្កជំងឺមហារីកមាត់ស្បូនក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ៕