មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាបញ្ចេញមតិលើកទឹកចិត្ត និង ចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីមានស្ត្រីម្នាក់បានបង្ហោះសារចែករំលែកនូវរោគសញ្ញាមួយចំនួនមុនឈានចូលទៅដល់ជំងឺផ្លូវចិត្ត ខណៈខ្លួនក៏កំពុងតែយកឈ្នះជាមួយជំងឺមួយនេះ តាមរយៈការព្យាបាលជាមួយគ្រូពេទ្យ។

ក្នុងនោះ តាមរយៈគណនីស្ត្រីដែលមានឈ្មោះ Sotheavy Seng បានបង្ហោះសារនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានចែករំលែកពីអាការជំងឺផ្លូវចិត្ត ទៅកាន់មហាជន ព្រោះស្រ្តីរូបនេះជឿជាក់ថាភាគតិចដែលដឹង ចៀសវាងការព្យាបាលខុសចំណាយថវិកាច្រើន ហើយមិនជា ពិនិត្យសុខភាពទៅមិនឃើញឈឺអី។ ពេលខ្លះយើងអត់អាចដឹងថាយើងមានជំងឺផ្លូវចិត្ត ឬ មួយក៏អត់ទេ អ្នកខ្លះគាត់អត់ចាប់អារម្មណ៍ដឹងខ្លួនឯងតែម្តង គ្រាន់តែគិតថាខ្លួនឯងហាក់ដូចជាអត់ស្រួលខ្លួន ឬ ក៏ខ្លួនឯងអត់សប្បាយចិត្ត ប៉ុន្តែជាក់ស្តែងគឺខ្លួនឯងកំពុងមានជំងឺផ្លូវចិត្ត អាចជាជំងឺបាក់ទឹកចិត្ត ឬ ក៏ជំងឺថប់អារម្មណ៍ជាដើម អ៊ីចឹងបើសិនជាបងប្អូនមានសញ្ញាមួយចំនួនដូចខាងក្រោមនេះ ជាជំងឺផ្លូវចិត្ត សូមទទួលស្គាល់ការពិត ហើយឆាប់ទៅពិគ្រោះព្យាបាលជាមួយពេទ្យជំនាញខាងផ្លូវចិត្ត ដែលមានដូចជា ៖
១. ផ្តើមចេញពីការគេងមិនលក់ ពិបាកគេង ឆាប់អស់កម្លាំង ខ្លួនឯងអត់បានធ្វើអីផង ឬ ក៏សម្រាក ហើយខំញ៉ាំ ខំសម្រាកហើយនៅតែអស់មានកម្លាំង។
២. មានអារម្មណ៍ថាខ្លួនឯង រោយក ខួរក្បាលគិតរហូតមិនព្រមសម្រាក ចង់នៅម្នាក់ឯង លែងមានអាម្មណ៍សប្បាយ ចំណូលច្រើនប៉ុនណាក៏មិនមានអារម្មណ៍រំភើប អត់សប្បាយចិត្តសេដ។
៣. ឆាប់ខឹង ឆាប់ប៉ះពាល់អាម្មណ៍ មួម៉ៅ បុកបេះដូងឡើងទៅក្បាលធ្វើឱ្យឈឺក្បាលខ្លាំង សម្ពាធឈាមឡើងខ្ពស់ (មនុស្ស 90% គិតថាខ្លួនឯងមានជំងឺឡើងឈាម លេបថ្នាំលើសឈាម ធ្វើឱ្យប៉ះពាល់សម្ពាធឈាមកាន់តែខ្លាំង)។
៤. នោមញឹក
៥. ចុកចង្កេះ រោយស្មា ល្ហិតល្ហៃ
៦. ចុងក្រោយទន់ដៃទន់ជើង ថប់ដង្ហើម ពិបាកដកដង្ហើម។

ម្ចាស់គណនីខាងលើបានបន្តថា ៖ «ខ្ញុំសង្ឃឹមថាសារចែករំលែកនេះ នឹងជួយមនុស្សជាច្រើនពីព្រោះខ្ញុំជឿជាក់ថាមនុស្សជាច្រើនមានជំងឺផ្លូវចិត្តក្នុងពេលបច្ចប្បន្តនេះ ដោយសារតែសម្ពាធសង្គមក្នុងការរស់នៅ ធ្វើឱ្យមនុស្សមានជំងឺផ្លូវចិត្តតែម្តងទាំងខ្លួនឯងពេលខ្លះមិនដឹងថាខ្លួនឯងមានជំងឺផ្លូវចិត្តផង ហើយពេលខ្លះ អ្នកខ្លះគឺមានជំងឺផ្លូវចិត្ត និង ដូចរបាំងមុខអ៊ីចឹង គឺបានន័យថាគឺខ្លួនឯងក៏អត់ដឹង មនុស្សជុំវិញខ្លួនឯងក៏អត់ដឹងម្នាក់ហ្នឹងមានជំងឺផ្លូវចិត្តដែរ រហូតដល់ឈានដល់ដំណាក់កាលសម្លាប់ខ្លួនតែម្តង។ ខ្ញុំអត់មានបទពិសោធ ឬ ជំនាញផ្លូវចិត្តទេ តែខ្ញុំចែករំលែកនេះ គឺឆ្លងកាត់បទពិសោធផ្ទាល់ខ្លួន ដែលឆ្លងកាត់នូវការទទួលចំណេះដឹងខ្លះៗពីគ្រូពេទ្យផ្លូវចិត្ត។ ខ្ញុំមិនមែនមកបំភ័យបងប្អូនទេ គ្រាន់តែចង់ឱ្យបងប្អូនយកចិត្តទុកដាក់ចាប់អារម្មណ៍ចំពោះសុខភាពរាងកាយខ្លួនឯង និង សុខភាពផ្លូវចិត្ត ហើយមានការអីរកជំនួយ ហើយហ៊ានទទួលស្គាល់ការពិត»៕
