និយាយរឿងរ៉ាវជីវិតឯកជនរបស់តារាប្រុស ម៉ាដូណា កន្លងមកមហាជនអ្នកគាំទ្រតាមដានបានជ្រាបខ្លះៗហើយជុំវិញការតស៊ូក្នុងជីវិតរបស់តារាប្រុសរូបនេះ គឺចាប់តាំងពីវ័ណ្ឌ-ករឿងបំណុលកាលពីឆ្នាំ ២០២១ មក ម៉ាដូណា ប្រឹងប្រឺងរកលុយទាំងយប់ទាំងថ្ងៃដើម្បីដោះស្រាយបំណុល។
យ៉ាងណាមិញ មកដល់អំឡុងឆ្នាំ ២០២២ កន្លងទៅ ខណៈពេលដែល ម៉ាដូណា និង មិត្តប្រុស បានដឹកដៃគ្នារៀបការ ដោយពួកគេបានប្រឹងប្រែងចាប់ដៃគ្នាធ្វើការរកស៊ីរហូតអាចដោះបំណុលខ្ទង់សែននោះរួចរាល់ហើយ ដែលមិនមានជំពាក់វ៉ាក់វិននឹងអ្នកណាទៀតឡើយ លើសពីនោះថែមទាំងបានបើកបង្ហាញផ្ទះថ្មីរស់នៅយ៉ាងធូរធារទៀតផង។
ដោយឡែក ក្រោយពីរស់នៅជីវិតធូរធារជាងមុខ ស្រាប់តែមួយរយៈក្រោយនេះ ជុំវិញជីវិតឯកជនរបស់តារាប្រុស ម៉ាដូណា ក៏បានលេចឮពីដំណឹងថាលោក និង មិត្តប្រុស បានចែកផ្លូវគ្នា ក្រោយពីសាងស្នេហ៍អស់រយៈពេលជាង ៨ ឆ្នាំ ដោយមកដល់ពេលនេះ គឺលោក ម៉ាដូណា បានប្រើជីវិតនៅលីវជាថ្មី។
ក្រោយជួបរឿងស្នេហាខកបំណងជាង ១ ឆ្នាំមក ថ្មីៗនេះ តារាប្រុស ម៉ាដូណា កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ភ្ញាក់ផ្អើល និង បារម្ភពីជីវិតឯកជនរបស់លោកម្ដងទៀត ខណៈបានឃើញលោកបង្ហោះសារមួយទម្លាយថាខ្លួនមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរនៅពីក្រោយស្នាមញញឹមក្លែងក្លាយ រហូតនឹកអតីតកាលចង់ទៅរស់នៅបន្ទប់ជួល ១ ខែ ១០ ដុល្លារវិញ សប្បាយចិត្តជាងទៀតផង។
ក្នុងនោះ លោក ម៉ាដូណា បានបង្ហោះរៀបរាប់ថា ៖ «មិនលាក់បាំងអីទេ ខ្ញុំមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ នៅពីក្រោយរូបភាពជោគជ័យ និង ស្នាមញញឹមរបស់ខ្ញុំ គឺមិនមែនជាឥន្ទធនូពិតឡើយ ខ្ញុំនឹកអតីតកាលបស់ខ្ញុំណាស់ ចង់វិលត្រឡប់នៅបន្ទប់ជួល ១ ខែ 10$ ជាន់ទី ៤ វិញសប្បាយ»។
ជាមួយគ្នានោះ លោកក៏បានខមមិនក្រោមការបង្ហោះទៀតថា ៖ «អរគុណបងប្អូនជាទីគោរព និង មិត្តភក្តិជាទីស្រឡាញ់ ចំពោះការលើកកម្លាំងចិត្ត ក្នុងរយៈពេល ៣ ឆ្នាំនេះ ខ្ញុំមានសម្ពាធច្រើនណាស់ មិនថារកលុយសងជំនួសគេច្រើន បញ្ហាសេដ្ឋកិច្ចលុយកាក់ បញ្ហាគ្រួសារ បញ្ហាមុខរបរ បញ្ហាសុខភាពអ្នកម្តាយ បញ្ហាសុខភាពខ្ញុំផ្ទាល់ចាប់ផ្តើមខ្សោយខាងខួរក្បាល ផ្លូវចិត្ត និង កម្លាំងកាយមិនល្អ បញ្ហាស្នេហា គួបច្រើនពេកទៅជាយំសើចលេង ពេលនេះចាប់ផ្តើមញញឹមដើរទៅមុខបន្ត បានប៉ុណ្ណាយកប៉ុណ្ណឹងសិន»៕