យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC យ៉ាងហោចណាស់មនុស្ស ៩០ នាក់ក្នុងប្រទេសវៀតណាម បានបាត់បង់ជីវិត និង ១២ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង និង គ្រោះបំណាក់ដីដ៏អាក្រក់ត្រឹមរយៈពេលប៉ុន្មានថ្ងៃ។


តាមការបញ្ជាក់ពីខាងរដ្ឋាភិបាលប្រទេសវៀតណាមបានឱ្យដឹងថា ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ១៨៦ ០០០ ខ្នងពាសពេញប្រទេស បានរងការខូចខាត ខណៈសត្វចិញ្ចឹមជាង ៣ លានក្បាលត្រូវទឹកហូរកួចយកទៅអស់។ ចំពោះខេត្តដែលរងការប៉ះពាល់ខ្លាំងក្លាជាងគេគឺខេត្ត Dak Lak ដោយតាមរបាយការណ៍ព័ត៌មាន គិតចាប់តាំងពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ មករហូតដល់ពេលនេះ មានមនុស្សស្លាប់ជាង ៦០ នាក់ទៅហើយ។

គ្រោះទឹកជំនន់នេះ គឺជាគ្រោះធម្មជាតិដ៏អាក្រក់ចុងក្រោយបំផុតដែលបានវាយប្រហារលើប្រទេសវៀតណាមក្នុងពេលប៉ុន្មានខែនេះ ក្រោយការវាយប្រហារពីព្យុះទីហ្វុង Kalmaegi និង ព្យុះ Bualoi៕

