កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ តារាស្រី Kim Kardashian បានធ្វើឱ្យមិត្តជិតស្និទ្ធរបស់នាង Tracy Romulus ភ្ញាក់ផ្អើលរហូតនិយាយមិនចង់ចេញ ក្រោយពីរូបនាងបានពញ្ញាក់អារម្មណ៍ដោយទិញឡាន Tesla Cybertruck ពណ៌ខ្មៅ តម្លៃដល់ទៅ ១០ ម៉ឺនដុល្លារជូនជាកាដូក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៤៥ ឆ្នាំរបស់មិត្តសំឡាញ់រូបនេះ។
តាមរយៈវីដេអូពញ្ញាក់អារម្មណ៍ដែរ បានបង្ហាញឱ្យឃើញតារាស្រីវ័យ ៤៤ ឆ្នាំរូបនេះនាំមិត្តរបស់នាងទៅកន្លែងដែលនាងចតរថយន្តទំនើបជាកាដូនោះ។ ពេលទៅដល់នាងក៏ប្រាប់ឱ្យមិត្តរបស់នាងបែរក្រោយដែលភ្លាមៗនោះ Romulus ក្រឡេកឃើញរថយន្តជាមួយខ្សែបូពណ៌ក្រហមចងពីលើធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តារាស្រី Kim ដែលឈរក្បែរនោះបានញញឹម និង សើចឮៗ ហើយប្រាប់ Romulus ថា នេះជាកាដូខួបកំណើតរបស់នាង ដែលធ្វើឱ្យ Romulus រំភើបរកពាក្យអ្វីនិយាយមិនបាន៕