ជាដំណឹងដ៏តក់ស្លុត និង សោកស្ដាយបំផុតមួយសម្រាប់មហាជននិយមទស្សនារឿងភាគកូរ៉េ ដោយតារាសម្ដែងជើងចាស់មានឈ្មោះបោះសំឡេង លោកតា Lee Soon Jae បានទទួលមរណភាពក្នុងវ័យ ៩១ ឆ្នាំ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។

តាមសេចក្ដីបញ្ជាក់ពីខាងក្រុមហ៊ុនរបស់លោកតា បានឱ្យដឹងថា ក្រុមគ្រួសារលោកតាគឺមិនទាន់សម្រេចចិត្តរៀបចំថ្ងៃប្រារព្ធពិធីបុណ្យនៅឡើយទេ។ ដំណឹងអំពីការចាកចេញគ្មានថ្ងៃត្រឡប់របស់លោកតា Lee Soon Jae នេះដែរ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់វិស័យភាពយន្តនៅអាស៊ី ដោយមហាជនរាប់ពាន់នាក់សម្ដែងការសោកស្ដាយខ្លាំងចំពោះការបាត់បង់តារាជើងចាស់ដ៏មានទេពកោសល្យរូបនេះ។

គួរបញ្ជាក់ថា នៅចុងបញ្ចប់នៃជីវិតរបស់តារាសម្ដែង Lee Soon Jae លោកតាគឺកម្របង្ហាញវត្តមានជាសាធារណៈណាស់ ដោយកម្មវិធីធំចុងក្រោយដែលមានវត្តមានលោកតាគឺកម្មវិធី KBS Drama Awards ដែលប្រារព្ធធ្វើឡើងកាលពីខែមករា ឆ្នាំ ២០២៥ កន្លងទៅ៕


