មកទល់ពេលនេះ ស្ថានភាពនៅស្រុកហាតយ៉ៃ ខេត្តសុងក្លា ប្រទេសថៃ នៅមិនទាន់អន់ថយនៅឡើយទេ ដោយនៅមានប្រជាជនរាប់រយនាក់ទៀតនៅជាប់គាំងនៅក្នុងផ្ទះ មិនទាន់មានការជួយសង្រ្គោះ ហើយលើសពីនោះសូម្បីតែមន្ទីរពេទ្យ ក៏នៅកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដែរ។

តាមព័ត៌មានបានឱ្យដឹងថា មន្ទីរពេទ្យហាតយ៉ៃក៏ត្រូវបានទឹកជំនន់វាយប្រហារដូចគ្នា ដែលធ្វើឱ្យលិចអស់ជាន់ក្រោមជាច្រើនម៉ែត្រ រីឯចរន្តអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ ដែលនេះគឺជាក្តីបារម្ភ និងគ្រោះថ្នាក់ធំបំផុតសម្រាប់មន្ទីរពេទ្យមួយនេះ។ ក្នុងនោះ ក្រុមគ្រូពេទ្យប្រចាំការជាច្រើនបានស្លន់ស្លោរបញ្ជូនអ្នកជំងឺទៅជាន់លើ និងព្យាយាមនៅជិត និងជួយជីវិតអ្នកជំងឺអស់ពីសមត្ថភាព ទាំងដែលគ្មានសម្ភារៈ និងអគ្គិសនីគ្រប់គ្រាន់ ដោយអ្នកជំងឺដែលងាយរងផលប៉ះពាល់បំផុតគឺអ្នកជំងឺឈឺធ្ងន់ និងទារកតូចៗដែលទើបនឹងកើត។

យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា មានអ្នកជំងឺមួយចំនួនត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យផ្សេងៗហើយ ប៉ុន្តែមើលទៅការបញ្ជូនហាក់ដូចជាយឺតយ៉ាវ និងនៅមានអ្នកជំងឺច្រើនទៀតដែលនៅសេសសល់ ជាពិសេសគឺសុទ្ធតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។ ដោយឡែក មានចចាមអារ៉ាមថាមានអ្នកជំងឺច្រើនណាស់ដែលបាត់បង់ជីវិតក្នុងករណីនេះ តែខាងមន្ទីរពេទ្យបានបដិសេធ ដោយអះអាងថាអ្នកស្លាប់ទាំងនោះ គឺជាអ្នកស្លាប់ដោយសារទឹកជំនន់ ហើយសពត្រូវបានគេបញ្ចូនយកមកទុកនៅមន្ទីរពេទ្យនេះប៉ុណ្ណោះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖




