កាលពីថ្មីៗនេះ វិបសាយ St Headline បានចេញផ្សាយថា មានមហាជនបានប្រទះឃើញតារាសម្ដែងប្រចាំ TVB លោក Tai Yiu Ming កំពុងរត់តុនៅហាងលក់អាហារមួយកន្លែងក្នុងសង្កាត់ Wong Tai Sin ក្រុងហុងកុង។ តាមវីដេអូដែលថតបាន តារាសម្ដែងប្រុសរូបនេះកំពុងរត់តុ ជូតសម្អាតតុ យកសំរាមបោះចោល និង លាងចានជាដើម។
បើតាមសារព័ត៌មាន HK01 លោក Tai Yiu Ming បាននិយាយថាលោកចាប់ផ្ដើមធ្វើការងារនេះកាលពី ២ សប្ដាហ៍កន្លងទៅ ហើយក្រៅពីការងារទាំងនេះហើយ លោកក៏ឆ្លៀតពេលរៀនផ្នែកជួញដូរ និង ចង់រៀនធ្វើកាហ្វេ និង តែទឹកដោះគោឱ្យស្ទាត់ជំនាញដើម្បីលោកអាចចាប់ផ្ដើមបើកអាជីវកម្មមួយជារបស់ខ្លួនឯងនៅថ្ងៃអនាគត។ លោក Tai Yiu Ming បានទម្លាយទៀតថា ការងារសម្ដែងរបស់លោកគឺមិននឹងនឡើយ ពេលខ្លះមានធ្វើហើយពេលខ្លះក៏អត់ ដូច្នេះហើយលោកត្រូវរកការងារបន្ថែមដើម្បីបានប្រាក់ចំណូល ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថាលោកនៅតែសម្ដែងដដែលពេលដែលមានឱកាស។
ពេលរូបភាពរបស់លោកផ្ទុះផ្អើលចែកចាយពេញបណ្ដាញសង្គម លោក Tai Yiu Ming ក៏បានឆ្លើយតបលើបណ្ដាញសង្គម Weibo ដោយជឿជាក់ថា៖ «ខ្ញុំមិនខ្មាសជាមួយមុខរបររបស់ខ្ញុំឡើយ ខ្ញុំមិនបានទៅលួចប្លន់អ្វីឡើយ ខ្ញុំគ្រាន់តែរស់នៅជីវិតមួយដូចគេដូចឯងប៉ុណ្ណោះ»។
គួរឱ្យដឹងថា ជារៀងរាល់ថ្ងៃ លោក Tai Yiu Ming ក្រោកឡើងនៅម៉ោង ៥ ព្រឹក ធ្វើការងារក្នុងហាងរយៈពេលជាង ១០ ម៉ោងក្នុងមួយថ្ងៃៗ។ ពេលធ្វើវេនយប់ លោកចាកចេញពីហាងនៅម៉ោង ១២ យប់។ ការងាររបស់លោកនេះតម្រូវឱ្យឈរច្រើន ដូច្នេះហើយលោកតែងឈឺចង្កេះជាញឹកញាប់ និង តែងតែវិលមុខរាល់ពេលអង្គុយ និង ពេលក្រោកឈរវិញ។ ក្រោយធ្វើការងារមួយនេះបាន ២ សប្ដាហ៍ ទើបលោកដឹងថាការបើកជំនួញម្ហូបអាហារគឺមិនងាយស្រួលឡើយ ហើយលោកក៏ចាប់ផ្ដើមដឹងពីមូលហេតុដែលហាងជាច្រើនត្រូវបិទទ្វារ ព្រោះត្រឹមតែថ្លៃទឹកថ្លៃភ្លើងមួយមុខគឺថ្លៃខ្លាំងបាត់ទៅហើយ។
ប្រាក់ចំណូលពីការរត់តុ លាងចាន និង ចោលសំរាមឱ្យហាងនេះ លោក Tai Yiu Ming ទទួលបានប្រមាណ ៤០០ ដុល្លារហុងកុង (ប្រមាណជាង ៥០ ដុល្លារ) ក្នុងមួយថ្ងៃ។ ការងាររបស់លោក មួយសប្ដាហ៍សម្រាកបាន ១ ថ្ងៃ ហើយបើគិតជាប្រាក់ខែក្នុងមួយខែទទួលបានជាង ១ ម៉ឺនដុល្លារហុងកុង (ប្រមាណ ១២៨៥ ដុល្លារ)។ ចំពោះមធ្យោបាយធ្វើដំណើរទៅធ្វើការវិញ ភាគច្រើនលោកជិះរថភ្លើង ហើយជិះតាក់ស៊ីពេលដែលលោកអស់កម្លាំងខ្លាំងតែប៉ុណ្ណោះ៕