ចំពោះការចាកចេញគ្មានថ្ងៃត្រឡប់របស់លោក Ruthko បានបន្សល់ត្រឹមក្ដីអាល័យក្នុងចិត្តអ្នកគាំទ្រ និង មិត្តរួមសិល្បៈ ជាពិសេសក្រុមគ្រួសារឱពុកម្ដាយ បងប្អូន មានតែក្ដីឈឺចាប់ទុក្ខសោកសង្រេង។
ពេលនេះដែរ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ជាពិសេសអ្នកក្នុងសិល្បៈចម្រៀង កំពុងចែករំលែករូបភាព ក៏ដូចជាសារបង្ហាញនូវអារម្មណ៍សោកស្ដាយ ព្រមទាំងរំឭកនូវអនុស្សាវរីយ៍ល្អៗជាមួយលោក RuthKo ដោយក្ដីស្រណោះអាល័យបន្តបន្ទាប់។
ក្នុងនោះ ក៏បានឃើញតារាស្រី វ៉ាន់នីឡា បានបង្ហោះសារនិយាយពីលោក RuthKo ក្នុងនាមជាមិត្តរួមការងាររាប់អានស្និទ្ធស្នាលពេញដោយក្ដីអាល័យថា ៖ «លាហើយប្អូនប្រុសដ៏សែនល្អ បងពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែងតស៊ូរបស់ប្អូនណាស់ បើអ្នកទាំងអស់គ្នាដឹងថា តើជីវិតគាត់ពិបាកខ្លាំងដល់កម្រិតណាខ្ញុំជឿថាអ្នកទាំងអស់គ្នាអាណិតអាសូរគាត់លើសនេះរាប់ពាន់ដង ទើបតែបានរស់នៅជុំគ្នាជាមួយបងស្រីបង្កើតប៉ុន្មានជាមួយខែនេះទេ»។
លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនលើបណ្ដាញសង្គមកំពុងចាប់អារម្មណ៍ខ្លាំងទៀត ក្រោយពីបានឃើញហ្វេសប៊ុករបស់កញ្ញា វ៉ាន់នីឡា បង្ហោះសារថ្មីមួយទៀតដោយបានប្រាប់រឿងដ៏ព្រឺសម្បុរមួយ ខណៈនាងបានទៅចូលរួមពិធីបុណ្យសពគោរពវិញ្ញាណក្ខន្ធតារាចម្រៀងរ៉េប RuthKo និង បានដើរកាត់មឈូសតម្កល់សពរបស់លោក ស្រាប់តែបានឮសំឡេងលោកស្រែកហៅនាងថា «បង» ទៀតផង។
សារនោះ វ៉ាន់ នីឡា បានរៀបរាប់ថា ៖ «ខ្ញុំដើរកាត់មឈូសទៅបន្ទប់ទឹក គាត់ស្រែកហៅខ្ញុំ «បង» ច្បាស់ណាស់ តែឮបែបនៅឆ្ងាយ ខ្ញុំអត់ច្រឡំទេ»៕