កាលពីសប្ដាហ៍កន្លងទៅ អតីតតារាសម្ដែងប្រចាំទូរទស្សន៍ TVB លោក Matthew Ko បានធ្វើឱ្យអ្នកគាំទ្ររបស់លោកជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាង នៅពេលដែលរូបលោកចេញមកប្រកាសលើបណ្ដាញសង្គម Instagram ថារូបលោកបានរៀបការមានភរិយារួចហើយ និង ថែមទាំងភរិយារបស់លោកកំពុងតែពពោះកូនស្រីដំបូងរបស់ពួកគេដោយត្រៀមសម្រាលនៅខែមករា ឆ្នាំ ២០២៥ ខាងមុខទៀតផង។
តាមរយៈការបង្ហោះនោះដែរ តារាសម្ដែងប្រុសវ័យ ៤០ ឆ្នាំរូបនេះបានទម្លាយរូបភាពមួយចំនួនរបស់លោក និង ភរិយាថតពេលកំពុងពពោះ ដោយអមជាមួយសារដ៏មានន័យថា៖ «ពីការជួបគ្នា និង ចាប់ផ្ដើមស្គាល់គ្នា រហូតដល់កាន់ដៃគ្នារៀបការជាមួយគ្នា។ ពេលខ្ញុំសញ្ជឹងគិតដល់ខែធ្នូ ឆ្នាំ ២០២៤ នេះ ខ្ញុំចង់ចែករំលែកគម្រោងរបស់ពួកខ្ញុំជាមួយអ្នកទាំងអស់គ្នាដោយកុំឱ្យមានការសង្ស័យមិនចាំបាច់ណាមួយ។ ការរួមចំណែករបស់មនុស្សស្រីគឺមិនងាយស្រួលនោះទេ ហើយខ្ញុំនឹងធ្វើគ្រប់បែបយ៉ាងក្នុងការការពារក្រុមគ្រួសាររបស់ខ្ញុំ»។
គួរបញ្ជាក់ថា ភរិយារបស់តារាសម្ដែងប្រុស Matthew Ko គឺមិនមែនជាអ្នកក្នុងរង្វង់សិល្បៈនោះឡើយដោយរូបនាងមានវ័យប្អូនលោកដល់ទៅ ១០ ឆ្នាំ។ តាមរបាយការណ៍ព័ត៌មានបានឱ្យដឹងថា គូស្នេហ៍មួយគូនេះបានទាក់ទងស្នេហាគ្នាបាន ១ ឆ្នាំមុនពេលពួកគេចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាប្ដីប្រពន្ធនឹងគ្នានៅប្រទេសកាណាដាកាលពីដើមឆ្នាំ ២០២៤ កន្លងទៅនេះ។
ការប្រកាសដំណឹងដ៏ភ្ញាក់ផ្អើល និង រំភើបមួយនេះដែរ ឃើញថាមានមិត្តភក្តិសិល្បករ ក៏ដូចជាអ្នកគាំទ្ររបស់ Matthew ជាច្រើនបាននាំគ្នាចូលរួមសម្ដែងការអបអរចំពោះលោក និង ភរិយាព្រោងព្រាត៕