មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចូលរួមសោកស្ដាយ ក្រោយបុរសម្នាក់បានចែករំលែករឿងរ៉ាវរបស់លោក ដែលបានចាញ់បោកល្បិចជនខិលខូច បន្លំខ្លួនថាជាខាងក្រុមហ៊ុនអគ្គិសនីកម្ពុជា ឬហៅថា EDC ខាតបង់ប្រាក់អស់ពីកុងធនាគារ ចំនួន ១២០០ ដុល្លារ។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីដែលមានឈ្មោះ Vanthan David បានបង្ហោះនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ឱ្យបានដឹងថា ៖ «ជួបផ្ទាល់ខ្លួនឯងហើយលើកនេះ អស់ ១២០០ ដុល្លារ វាថាខាងក្រុមហ៊ុនអគ្គិសនី EDC បានប្ដូរឈប់យកក្រដាសភ្លើងឱ្យហើយ ត្រូវបង្កើត App ដើម្បីដឹងថាប្រើភ្លើងអស់ប៉ុន្មាន។ ភ្លាមៗទាក់ទងទៅ ABA គ្មានជួយអីបានបន្តិចទេ មានឱ្យដាក់ពាក្យបណ្ដឹងត្រូវអស់លុយម្ដងទៀត ហើយមិនប្រាកដថាបានជោគជ័យទៀត។ ជួយស៊ែរឱ្យបងប្អូនដឹងផង កុំឱ្យចាញ់បោកពួកគេទៀត»។
គួរឱ្យដឹងផងដែរថា ថ្មីៗនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ ក៏បានជូនព័ត៌មានពីការឆបោកដូចករណីខាងលើនេះផងដែរ ព្រមទាំងណែនាំបងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបុគ្គលដែលបានទាក់ទងពីការផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬ ឯកជននានា តាមវិធីសាស្រ្តដូចខាងក្រោម ៖
– ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវាឱ្យបានច្បាស់លាស់ មុនសម្រចធ្វើតាមការណែនាំផ្សេងៗ
– ដាក់ប្រព័ន្ធការពារគណនី (រួមមាន៖ 2FA លេខកូដរាល់ប្រតិបត្តិការ កំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការ។ ល។)
- ពិនិត្យសមតុល្យ និង កំណត់ត្រាប្រើប្រាស់គណនីធនាគារជាប្រចាំ ករណីមានការសង្ស័យណាមួយ ត្រូវទាក់ទងទៅកាន់ធនាគារជាបន្ទាន់
– សូមធ្វើការរាយការណ៍ ឬ ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចជំនាញ ករណីលោកអ្នកមានជួបប្រទះការចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា៕