ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតមានឡើងនៅផ្លូវ Bourbon ក្រុង New Orleans សហរដ្ឋអាមេរិក វេលាម៉ោង ៣ និង ១៥ នាទីព្រឹកឈានចូលថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន New York Post។
គ្រោះថ្នាក់ចរាចរណ៍នោះដែរកើតមានឡើងដោយមានអ្នកបើកបរឡានម្នាក់បានបើកបុករះចូលទៅក្នុងហ្វូងមនុស្សដែលកំពុងឈរចាំមើលកាំជ្រួចដើម្បីអបអរឆ្នាំថ្មី។ តាមរបាយការណ៍បឋមទទួលបានពីខាងអាជ្ញាធរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់ និង ៣៥ នាក់ផ្សេងទៀតរងរបួស។
ជាងនេះទៅទៀត ជនសង្ស័យថែមទាំងបានចេញពីឡានកាន់កាំភ្លើងបាញ់ប្រហារលើកងកម្លាំងប៉ូលិស ហើយប៉ូលិសក៏បានបាញ់តបវិញផងដែរ ប៉ុន្តែចំពោះព័ត៌មានបន្ទាប់ជុំវិញជនសង្ស័យយ៉ាងណានោះមិនទាន់មានការបញ្ជាក់នោះឡើយ។ តាមការរៀបរាប់របស់អ្នកនាំពាក្យរបស់ប៉ូលិសម្នាក់បានឱ្យដឹងថា៖ «គ្រោះថ្នាក់ដ៏សាហាវមួយបានកើតមានឡើងនៅផ្លូវ Bourbon កាលពីព្រឹកព្រលឹមនេះ។ ពួកយើងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះផង»។
គួរឱ្យដឹងថា ដងវិថី Bourbon គឺជាតំបន់ដ៏មមាញឹកមួយ និង មានភាពល្បីល្បាញលើការដើរកម្សាន្តពេលរាត្រី។ ចំពោះហេតុការណ៍ដែលបានកើតឡើងនេះដែរ ជនសង្ស័យអាចនឹងរៀបគម្រោងទុកមុនបានយ៉ាងល្អមុននឹងឈានដល់ការវាយប្រហារ៕
ប្រភព៖ Kenh14