និយាយពីរូបសម្រស់របស់អ្នកនាង បេនីយ៉ាំង ក្រោយពីបានពាក់ម៉ាសបិទបាំងច្រមុះប៉ុន្មានឆ្នាំ ថ្មីៗកន្លងទៅ អ្នកនាងបានធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះចាប់អារម្មណ៍ចែករំលែក បន្ទាប់ពីបានឃើញនាងបង្ហាញភាពជឿជាក់ជាថ្មីលើទម្រង់មុខត្រង់ច្រមុះ ដែលថតវីដេអូបង្ហោះពីសម្រស់ថ្មី បន្ទាប់ពីវះកាត់រុំបង់ច្រមុះម្ដងទៀត ប៉ុន្តែលើកនេះមើលទៅទម្រង់មុខរបស់នាង កាន់តែស្រស់ស្អាតមួយបែប។


លើសពីនេះ បន្ទាប់ពីវះកាត់ជោគជ័យបានទម្រង់ច្រមុះស្អាតវិញនេះដែរ អតីតតារាស្រី បេនីយ៉ាំង ទទួលបានការសរសើរខ្លាំងពីបណ្ដាអ្នកគាំទ្រ និង មិត្តអ្នកសិល្បៈជាច្រើន ជាពិសេសរូបនាងផ្ទាល់បង្ហាញក្ដីរំភើប ខណៈវិលមកស្អាតជាថ្មី ដែលគេឃើញនាងបង្ហោះវីដេអូបង្ហាញទម្រង់មុខជាបន្តបន្ទាប់។


ដោយឡែក ស្របពេលទទួលបានសម្រស់ថ្មីកាន់តែស្រស់ស្អាតជឿជាក់វិញ ថ្មីៗនេះ អ្នកនាង បេនីយ៉ាំង បានធ្វើឱ្យមហាជនលើបណ្ដាញសង្គមចាប់អារម្មណ៍ និង បញ្ចេញមតិវែកញែក ក្រោយពីបានឃើញនាងបង្ហោះសារមួយយ៉ាងវែង និយាយទម្លាយពីអារម្មណ៍ពិតរបស់ខ្លួនអំឡុងពេលមានបញ្ហាច្រមុះ និង ផ្ដាំទៅកាន់អ្នកធ្លាប់សើចចំអកលើរូបសម្រស់របស់នាងកន្លងមកផងដែរ។ ក្នុងនោះ បេនីយ៉ាំង ក៏បានទម្លាយប្រាប់ពីអ្វីដែលធ្វើឱ្យនាងរឹងមាំអាចប្រឈមនឹងរឿងរ៉ាវសង្គម ខណៈនាងជួបបញ្ហាសម្រស់កន្លងមក គឺមានតែរបស់ម្យ៉ាងដែលអាចជួយនាងបានគឺលុយ ដែលនាងខិតខំរកលុយ និង ចាយវាយតាមចិត្តដើម្បីបំពេញក្ដីសុខឱ្យខ្លួនឯង ដោយបំភ្លេចពាក្យសម្ដីការមាក់ងាយផ្សេងៗលើរូបនាង។

សារនោះ បេនីយ៉ាំង បានបង្ហោះរៀបរាប់លើហ្វេសប៊ុកថា ៖ «នឹកឃើញ ពេលខ្ញុំមានបញ្ហាច្រមុះ សង្គមមួយបានជិះជាន់ខ្ញុំមែនទែន ច្រមុះខ្ញុំ រឿងខ្ញុំសោះបែរជាត្រូវគេជេរ ចំអក គ្រប់សព្វ ពាក្យខ្លះអាក្រក់មែនទែន ពេលនោះខ្ញុំរៀងខឹងខ្លួនឯងបន្តិច ព្រោះមិននឹកស្មានថាប្រហែសធ្វើឱ្យខ្លួនឯងជួបរឿងបែបនឹង ខ្ញុំក៏សើចដែរពេលគេជេរនោះ ព្រោះហួសចិត្តនឹងពួកគេ ឆ្ងល់ថីបានគេជេរគ្រាន់តែច្រមុះឯងខូចសោះ!ហេងដែរ ខ្ញុំជាស្រីរឹងមាំ មួយទៀតរឿងដែលរឹងមាំបានគឺ លុយ លុយបានធ្វើឱ្យខ្ញុំសប្បាយរីករាយក្នុងជីវិតបាត់បង់សម្រស់រយៈពេល 8 ឆ្នាំកន្លងមក ពេលនោះខ្ញុំដឹងតែម្យ៉ាង ត្រូវចាយលុយដែលមានឱ្យបានសប្បាយចិត្ត រឿងសម្រស់ខ្ញុំទុកវាម្តុំរងចាំស្រាវជ្រាវរកដុកទ័រពូកែណាមួយ ដែលរឿងនោះខ្ញុំត្រូវប្រយ័ត្នជាងមុនខ្លាំង។ ចង់ផ្តាំថាប្អូនៗគ្រប់គ្នា ត្រូវខិតខំរកលុយណា សប្បាយបានកុំភ្លេចរកលុយដែរ ព្រោះបញ្ហាដែលយើងជួបវាចូលមកទាន់ហន់ យើងអត់បានដឹងមុនទេ ដូចនេះបើយើងគ្មានលុយពេលមានបញ្ហាបានន័យថាទុក្ខជួបទុក្ខហើយ អត់លុយជីវិតពិបាកណាស់ បើមានលុយទោះបញ្ហាចូលមកក៏យើងមិនសូវជាខ្វល់ខ្វាយច្រើនដែរ ក្នុងរឿងមួយនេះគឺបទពិសោធ ហ៊ានស៊ី ត្រូវហ៊ានសង ដើរចូលសង្គមមួយជួបព្យុះភ្លៀង និយាយច្រើនអត់តម្លៃ រងចាំលទ្ធផល បង្ហាញពេលក្រោយ។ ផ្តាំអ្នកធ្លាប់ bully បើថ្ងៃក្រោយយើងបានឃើញអ្វីនៅលើសង្គម ហើយបើជាសន្តានចូលចិត្តbully គេ យើងហៅគ្នាយើងមកវិភាគនៅខាងក្រៅចុះឱ្យវាធូរចិត្ត តែកុំខមិនពាក្យមិនល្អលើរូបគេហើយជេគេ ព្រោះបើយើងជួបរឿងដូចគេខ្លាចយើងវាអត់សំណាងដូចគេ។ Okay បាត់បង់អ្វីបាន ហាមតែបាត់បង់ខ្លួនឯង everyone»៕


