បន្ទាប់ពីបានចាប់ផ្តើមនូវបេសកកម្មថ្មី នៅចុងឆ្នាំ ២០២៤ ក្នុងកម្មវិធី «បេះដូងអច្ឆរិយ» កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងមកនោះ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនោះ លោក សាយ និង ក្រុមការងារ Sai Force បានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញហើយ។
ក្នុងនោះដែរ កម្មវិធី «បេះដូងអច្ឆរិយ»ដែលរៀបចំឡើង អមព្រឹត្តិការណ៍ សាទរកម្ពុជា Celebrating Cambodia ក្នុងមោទនភាពជាតិ អត្តសញ្ញាណជាតិ និង ការរួបរួមក្រោមទង់ជាតិតែមួយនេះ គឺខុសប្លែកពីសព្វមួយដង ដោយលោក សាយ បានរៀបចំវិញ្ញាសាចំនួន ៣ រួមមានការជិះកង់ ការរត់ និង ការហែលទឹក។
ជាការពិតណាស់ កម្មវិធី «បេះដូងអច្ឆរិយ» នេះ លោក សាយ បានជិះកង់ រត់ និង ហែលទឹក ជុំវិញបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេក្នុងអាស៊ីអាគ្នេយ៍ ក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
ជាក់ស្តែង វិញ្ញាសាទាំង ៣ ដែលបានធ្វើឡើងនៅក្នុងកម្មវិធីលើកនេះដែរ លោក សាយ បានបញ្ជាក់ពីមូលហេតុ យ៉ាងមានអត្ថន័យថា ៖
១. វិញ្ញាសា ជិះកង់៖
លោកបានជិះជុំវិញខេត្តតាមបណ្តោយបឹងទន្លេសាបចំនួន ៦ ខេត្ត រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង ខេត្តកំពង់ធំ។ ក្នុងនោះ បើប្រៀបនឹងកុមារៗកំពុងនៅមន្ទីរពេទ្យវិញ គឺពេលនេះលោកអាចជិះកង់បានគ្រប់ទីកន្លែង ប៉ុន្តែកុមារៗ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ គឺមិនអាចជិះកង់ទៅណាបានដូចយើងនោះឡើយ ពោលគឺកុមារៗទាំងនោះកំពុងសម្រាកព្យាបាល និង អង្គុយលើរទេះរុញ រង់ចាំឱ្យគេរុញ។
២. វិញ្ញាសា រត់៖
ការរត់នេះដែរ លោក សាយ បានផ្សារភ្ជាប់ទៅកាន់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបំពេញបេសកកម្មព្យាបាលកុមារៗនៅឯមន្ទីរពេទ្យ ដោយរត់សស្រាក់សស្រាំ ដើម្បីព្យាបាល និង រក្សាអាយុជីវិតរបស់កុមារៗ។
៣. វិញ្ញាសា ហែលទឹក៖
លោក សាយ បញ្ជាក់ថា ការហែលទឹកឆ្លងទន្លេនេះ មើលទៅពិតជាពិបាកខ្លាំង ប៉ុន្តែបើប្រៀបទៅនឹងអ្នកម្តាយគ្រប់រូបសម្រាលកូននោះវិញ គឺមិនស្មើនោះឡើយ៕