នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ សមាជិកសភាម្នាក់ក្នុងខេត្តសុងក្លា ប្រទេសថៃ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីសភាពប្រជាជន និង ខ្ទេចខ្ទាំរបស់ស្រុកហាតយ៉ៃ បន្ទាប់ពីមានគ្រោះទឹកជំនន់វាយប្រហារយ៉ាងដំណំប៉ុន្មានថ្ងៃកន្លងទៅនេះ។

បើតាមការបង្ហោះពីសមាជិកសភានៅខេត្តសុងក្លាម្នាក់នោះ បានផុសបង្ហាញពីការខ្លោចចិត្តចំពោះអ្នកស្រុកហាតយ៉ៃ ដោយលោកបានសរសេររៀបរាប់ថា ៖ «ទាំងនេះគឺជាសភាពរបស់ស្រុកហាតយ៉ៃនៅពេលនេះ មើលទៅដូចជាថ្ងៃអវសាននៃផែនដី មនុស្សដណ្តើមអាហារគ្នានៅតាមផ្លូវ កន្លែងជំរំជម្លៀសក៏គ្មានការទទួលខុសត្រូវរៀបចំ សាកសពអណ្តែតមកទើរតាមចិញ្ចើមផ្លូវ ហើយនៅមានសំឡេងអ្នកស្រែកទួញយំសុំជំនួយពេញមួយយប់ទៀត។ ការបាត់បង់លើកនេះធំធេងមិនអាចបំភ្លេចបាន មនុស្សដែលមិនស្លាប់ក៏ដូចជាស្លាប់ទាំងរស់»។

យ៉ាងណាមិញ ចំពោះការខូចខាតនៅហាតយ៉ៃលើកនេះ បើគិតជាទឹកប្រាក់គឺប្រមាណជាង ១ ម៉ឺនលានបាតឯណោះ ហើយពេលនេះស្រុកហាតយ៉ៃទាំងមូលគឺស្ថិតក្នុងសភាពពិបាកស្រោចស្រង់ណាស់ ពោលគឺមើលដូចជាទីក្រុងដែលត្រូវគេបោះបង់ចោល៕







ប្រភព៖ Khaosod