ថ្មីៗនេះសារព័ត៌មាន Suho បានរាយការណ៍ពីករណីរបស់នារីម្នាក់ ដែលបានឆ្លងជំងឺអេដស៍ ដោយសារតែការសម្អាតធ្មេញនៅគ្លីនិកធ្មេញមួយកន្លែងនៅប្រទេសចិន។
តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះជាជនជាតិចិន មានវ័យ ២៧ ឆ្នាំ នាងជាមនុស្សស្រីស្អាត ឆ្លាត ពូកែ បានរៀនដល់ចប់ថ្នាក់បណ្ឌិត និង មិនធ្លាប់មានសង្សារពីមុនមកទេ។ នៅថ្ងៃមួយស្រាប់តែលទ្ធផលពិនិត្យសុខភាពរបស់នាងបានបញ្ជាក់ថានាងបានឆ្លងជំងឺអេដស៍ ដែលធ្វើឱ្យនាងមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏ប្រញាប់ទៅមន្ទីរពេទ្យពិនិត្យសារជាថ្មី។
តាមរយៈលទ្ធផលបានបង្ហាញថានាងពិតជាមានជំងឺអេដស៍ពិតមែន តែនាងសឹងតែមិនជឿឡើយ ព្រោះតែនាងជាមនុស្សមានអនាម័យ នាងមិនដែលធ្វើសកម្មភាពទាំងឡាយណាដែលអាចឆ្លងជំងឺអេដស៍បានឡើយ ហើយនាងក៏មិនធ្លាប់មានដៃគូដែរ។
គ្រូពេទ្យក៏បានសួរនាំនាងបន្តថា នាងធ្លាប់ធ្វើការវះកាត់កែសម្ផស្សឬទេ នាងក៏មិនធ្លាប់ទៀត តែនាងបានប្រាប់ឱ្យដឹងថានាងធ្លាប់ទៅសម្អាតធ្មេញនៅគ្លីនិកធ្មេញឯកជនមួយកន្លែង។ មកដល់ត្រឹមនេះ គ្រូពេទ្យបានសន្និដ្ឋានគ្រឿងឧបករណ៍សម្អាតធ្មេញនៅគ្លីនិកនោះ អាចប្រើទៅលើអ្នកជំងឺអេដស៍ បានប៉ះពាល់ឈាមរួចសម្អាតមិនបានស្អាតត្រឹមត្រូវ រួចយកមកប្រើបន្តទៀតជាមួយនាង ទើបធ្វើឱ្យមានការឆ្លងបែបនេះ៕
ប្រភព៖ Sanook