ថ្មីៗនេះ មានករណីដ៏គួរឱ្យចាប់អារម្មណ៍មួយកើតមានឡើងនៅក្នុងប្រទេសចិន ដោយបុរសម្នាក់ធ្វើការនៅក្រុមហ៊ុនមួយនាក្រុង Zhongshan ខេត្ត Guangdong ត្រូវបានបញ្ឈប់ពីការងារភ្លាមៗ ក្រោយរងការចោទប្រកាន់ពីការបំពានដល់មនុស្សស្រី។
តាមព័ត៌មានបានឱ្យដឹងថា ដើមហេតុដំបូងកើតឡើងនៅពេលមានបុគ្គលិកស្រីម្នាក់ក្នុងក្រុមហ៊ុនបានចូលបន្ទប់ទឹក ក៏ស្រាប់តែបុរសខាងលើក៏ឃើញដើរចូលតាមក្រោយ។ រូបលោកឃើញចូលក្នុងបន្ទប់ទឹកស្រីប្រមាណ ១០ វិនាទី បន្ទាប់មកក៏ឃើញរត់ចេញទៅចូលបន្ទប់ទឹកប្រុសវិញ។ យ៉ាងណាមិញ ក្រោយចាប់បានបុរសរូបនោះបានប្រកែកថា រូបលោកមានអាការរាក និង ចុកពោះខ្លាំងនៅថ្ងៃនោះ ដូច្នេះហើយក៏ប្រញាប់ចូលបន្ទប់ទឹកភ្លាមៗដោយច្រឡំចូលទៅខាងស្រី ហើយលោកគឺគ្មានបំណងមិនល្អអ្វីនោះឡើយ។ ម្យ៉ាងវិញទៀត លោកដើរចូលបន្ទប់ទឹកស្រីត្រឹមតែប្រមាណជាង ១០ វិនាទីប៉ុណ្ណោះ ដោយលោកគឺគ្មានបានឃើញអ្វីនោះឡើយ។
ទោះជាខំព្យាយាមបកស្រាយយ៉ាងណាក៏ដោយ បុរសរូបនោះក៏មិនអាចធ្វើឱ្យខាងក្រុមហ៊ុនជឿជាក់នោះដែរ ដោយចុងក្រោយក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់លោកពីការងារ។ ក្រោយទទួលបានលទ្ធផលបែបនេះ បុរសខាងលើគឺមិនព្រមទទួលការពិន័យនោះឡើយដោយគិតថាលោកទទួលនេះមិនយុត្តិធម៌សោះឡើយ រហូតលោកមិនអស់ចិត្តដាក់ពាក្យប្ដឹងក្រុមហ៊ុនខ្លួនឯងទៀតផង។
លោកបានដាក់ពាក្យបណ្ដឹងទៅតុលាការ ទាមទារសំណងចំនួន ៤៨៦០០ យ័ន (ប្រមាណជាង ៦ ៦០០ ដុល្លារ) ពីបទបញ្ចប់កិច្ចសន្យាការងារដោយខុសច្បាប់។ យ៉ាងណាមិញ ក្នុងសវនាការខាងតុលាការគឺបានយល់ស្របទៅតាមខាងក្រុមហ៊ុន ដោយលើកឡើងថាបុរសដើមចោទបានមានបំណងធ្វើរឿងមិនល្អ និង បំពានភាពឯកជនរបស់បុគ្គលិកស្រី។
2
ទង្វើដែលថាកើតឡើងដោយអចេតនារបស់លោកនោះគឺមិនសមនឹងកើតមានឡើងនោះទេ ព្រោះថារូបលោកបានធ្វើការនៅក្នុងក្រុមហ៊ុននោះរយៈពេល ៩ ឆ្នាំហើយ ដូច្នេះទីតាំងបន្ទប់ទឹកស្រី និង ប្រុស លោកប្រាកដជាបានដឹងច្បាស់។ ជាលទ្ធផល រូបលោកគឺមិនបានឈ្នះក្ដី និង មិនបានទទួលនូវសំណងអ្វីពីក្រុមហ៊ុននោះឡើយ៕
ប្រភព៖ Kenh14