ពេលវេលាពិតជាលឿនមែន ធ្មេចបើកៗរយៈពេល ១០ ឆ្នាំបាត់ទៅហើយដែលគូស្នេហ៍តារាគំរូហ្វីលីពីនដ៏ល្បី Marian Rivera និង លោក Dingdong Dantes បានចាប់ដៃគ្នារៀបការជាប្ដីប្រពន្ធ និង ថែមទាំងទទួលបានចំណងដៃកូនស្រីប្រុសចំនួន ២ នាក់ក្លាយជាគ្រួសារតូចមួយដ៏ពេញលេញពោរពេញដោយសុភមង្គល។
ថ្មីៗនេះដែរ គូស្នេហ៍តារាហ្វីលីពីនមួយគូនេះក៏បាននាំគ្នាប្រារព្ធអបអរខួបអាពាហ៍ពិពាហ៍រយៈពេល ១០ ឆ្នាំរបស់ពួកគេ ដោយបានដឹកដៃកូនៗស្លៀកពាក់យ៉ាងសាមញ្ញ ប៉ុន្តែបែបអេឡេហ្គង់ថ្លៃថ្នូរថតរូបជុំគ្នាយ៉ាងស្រស់ស្អាត និង ពោរពេញដោយក្ដីសុខបំផុត។ ក្នុងឱកាសខួបអាពាហ៍ពិពាហ៍នេះដែរ តារាស្រី Marian ដែលអ្នកគាំទ្រកម្ពុជាស្គាល់ច្បាស់ក្នុងនាមជាតួអង្គ «នាងម៉ារីម៉ា» បានរំភើបក្តុកក្តួលអារម្មណ៍រហូតស្រក់ទឹកភ្នែក ដោយរូបនាងទម្លាយថារយៈពេល ១០ ឆ្នាំមកនេះ នាង និង ស្វាមីបានឆ្លងកាត់រឿងរ៉ាវ និង ការលំបាកជាច្រើនជាមួយគ្នា ប៉ុន្តែមិនបោះបង់គ្នាបន្តគាំទ្រគ្នាឆ្លងកាត់ការលំបាកទាំងនោះ។
គួររំឭកថា តារាសម្ដែងស្រី Marian Rivera និង តារាប្រុស Dingdong Dantes បានប៉ះគ្នាសម្ដែងក្នុងខ្សែភាពយន្តជាច្រើន រហូតចំណងការងារប្រែក្លាយជាស្នេហា។ មកដល់ឆ្នាំ ២០១៤ ក្រោយទាក់ទងមើលចិត្តថ្លើមគ្នាអស់រយៈពេលដ៏យូរ អ្នកទាំងពីរក៏បានសម្រេចចិត្តដើរផ្លូវរួមគ្នា ចាប់ដៃគ្នារៀបការរួមរស់ជាប្ដីប្រពន្ធយ៉ាងមានក្ដីសុខរហូតមកទល់សព្វថ្ងៃ៕