ភ្នំភ្លើងមួយនៅភាគឦសានប្រទេសអេត្យូពី ដែលដេកលង់លក់ជិត ១២ ០០០ ឆ្នាំមកហើយនោះ ស្រាប់តែផ្ទុះឡើងថ្មីៗនេះ បង្កជាផេះជះឡើងខ្មួលខ្មាញ់ទៅលើអាកាសក្នុងកម្ពស់ដល់ ១៤ គីឡូម៉ែត្រ។

ភ្នំភ្លើងដែលបានផ្ទុះនេះដែរគឺជាភ្នំភ្លើង Hayli Gubbi ស្ថិតនៅតំបន់ Afar ភាគឦសានប្រទេសអេត្យូពី។ ភ្នំភ្លើងបានផ្ទុះនៅវេលាម៉ោងប្រមាណ ៨ កន្លះព្រឹក ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់)។ ទីភ្នាក់ងារក្នុងតំបន់ បានដាក់ចេញការប្រកាសអាសន្នមួយចំនួនពេញមួយថ្ងៃ ខណៈផេះជះឡើងបាចសាចពាសពេញតំបន់។ រហូតដល់ពេលល្ងាចក្នុងថ្ងៃដដែល ខាងភ្នាក់ងារ VAAC (Volcanic Ash Advisory Center) ក៏បានប្រកាសថា ភ្នំភ្លើងបានឈប់ផ្ទុះហើយ ប៉ុន្តែផេះនៅឃើញមានជះលើអាកាសក្នុងកម្ពស់ប្រមាណ ៥-៦ គីឡូម៉ែត្រនៅឡើយ។

ភ្នំភ្លើង Hayli Gubbi ដែលមានកម្ពស់ប្រមាណ ៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ មានទីតាំងស្ថិតនៅ Rift Valley ដែលជាតំបន់ភូមិសាស្ត្រដ៏សកម្មមួយដែលបន្ទះតិចតូនិច ២ ជួបប៉ះគ្នា។ តាមខាង VAAC បានឱ្យដឹងទៀតថា ការផ្ទុះឡើងនៃភ្នំភ្លើងដែលដេកលក់រាប់ម៉ឺនឆ្នាំនេះ បានជះសាយភាយផេះខ្លាំងក្លារហូតដល់ប្រទេស Yemen, Oman, ឥណ្ឌា និង ភាគខាងជើងប្រទេសប៉ាគីស្ថានផងដែរ៕

