កាលពីរាត្រីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកជាបន្តបន្ទាប់ក្រោយពីបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Sekla Keo ត្រូវគេស្គាល់ជាប្អូនប្រុសបង្កើតរបស់តារាចម្រៀង កែវ សុបញ្ញា បានទម្លាយថាជាគូដណ្តឹងរបស់ Top 5 MasterChef Cambodia រដូវកាលទី ៣ កញ្ញា ប៊ុន លីនណា។
ក្នុងនោះ លោក Sekla Keo ដែលអះអាងជាគូដណ្តឹងកញ្ញា ប៊ុន លីនណា បានរៀបរាប់យ៉ាងវែងឆ្ងាយ ដោយសង្កត់ធ្ងន់ថា កញ្ញា ប៊ុន លីនណា លួចមានថ្មី ខណៈកំពុងរួមរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយលោក។
យ៉ាងណាមិញ បន្ទាប់ពីខាងប្រុសបង្ហោះសារបណ្ដាលឱ្យមានការវែកញែកហូរហែ ស្រាប់តែមិនប៉ុន្មានម៉ោងក្រោយ កញ្ញា ប៊ុន លីនណា បានបង្ហោះសារ និង វីដេអូ បង្ហាញពីរូបភាពជាបន្តបន្ទាប់ ដើម្បីបកស្រាយ ព្រមទាំងបង្ហាញភាពស្អាតស្អំរបស់ខ្លួន។
កញ្ញា ប៊ុន លីនណា បានបញ្ជាក់ថា នាង និង អតីតគូដណ្តឹងបានផ្តាច់ពាក្យគ្នារួចរាល់ ដោយមានលិខិតស្នាមត្រឹមត្រូវ។ លើសពីនោះ កញ្ញា ប៊ុន លីនណា ក៏បានបង្ហោះវីដេអូ អំឡុងពេលនៅត្រូវរូវគ្នា ដោយខាងប្រុសធ្លាប់ប្រើប្រាស់កម្លាំងបាយបោកប្រាស់សម្ភារនានានៅនឹងមុខទៀតផង។
ជាក់ស្តែង សារទី ១ អមនឹងវីដេអូការប្រើកម្លាំងបាយនោះ កញ្ញា ប៊ុន លីនណា បានរៀបរាប់ថា៖ «ទះដៃម្ខាងមិនឮទេ អ្នកឯងធ្វើបាបខ្ញុំយ៉ាងម៉េចខ្លះពេលខ្ញុំនៅជាមួយអ្នក? ខ្ញុំនឹកឃើញរឿងអ្នកឯងធ្វើបាបដាក់ ខ្ញុំខ្លាចឡើងញ័រខ្លួន។ ខ្ញុំថាមិនចង់បកស្រាយអ្វីទេ ព្រោះយើងបានធ្វើលិខិតបែកគ្នាតាមសម្រួលហើយ តើហេតុអ្វីអ្នកនៅធ្វើបាបខ្ញុំទៀត?»។
ចំណែកឯសារមួយទៀត កញ្ញា ប៊ុន លីនណ បានបញ្ជាក់ពីការផ្តាច់ពាក្យថា ៖ «អង្គុយគិតលុយទាំងទឹកភ្នែក យកស្រីមកដល់ហាង ស្រវឹងបោកប្រាស់ស្រែកប្រមាថដាក់ខ្ញុំ។ ខ្ញុំទ្រាំឆ្អែតហើយ ពេលខ្ញុំល្បីមកចង់នៅជាមួយខ្ញុំវិញ ខ្ញុំនិយាយដដែលៗ ថាអស់ចិត្តហើយតែមិនដោះលែងខ្ញុំ។ លុយជំពាក់ម្តាយខ្ញុំ ៥ ០០០ ដុល្ល្ការ មិនឱ្យក៏មិនទារដែរ នៅមានមុខមកធ្វើចឹងដាក់ខ្ញុំទៀត»។ លើសពីនេះក្នុងខមមិន កញ្ញា ប៊ុន លីនណា ក៏បង្ហាញរូបភាពអតីតគូដណ្តឹង នាំនារីទៅញុំាអាហារក្នុងហាងនៅនឹងមុខនាងទៀតផង៕