គ្រោះរញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័រ បានវាយប្រហារដែនកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។ តាមទីភ្នាក់ងារវាស់ស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានវាយប្រហារកោះ Simeulue នៅវេលាម៉ោង ១១ និង ៥៦ នាទីព្រឹក (ពេលវេលាក្នុងតំបន់) ក្នុងជម្រៅ ២៥ គីឡូម៉ែត្រ ប៉ុន្តែបច្ចុប្បន្នមិនទាន់មានរបាយការណ៍បញ្ជាក់ពីអ្នករបួសឬស្លាប់ ឬការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនោះឡើយ។

កម្លាំងរញ្ជួយនៃគ្រោះរញ្ជួយដីខាងលើ បានធ្វើឱ្យពលរដ្ឋជាច្រើននាំគ្នាភ័យរត់ចេញក្រៅដើម្បីសុវត្ថិភាព។ ជាក់ស្ដែង តាមការបញ្ជាក់ពីបុរសម្នាក់ប្រាប់សារព័ត៌មាន AFP បានរៀបរាប់ថា៖ «ខ្ញុំកំពុងអង្គុយក្នុងហាងកាហ្វេ ភ្លាមៗស្រាប់តែតុរង្គើខ្លាំង ធ្វើឱ្យមនុស្សជាច្រើននាំគ្នារត់ចេញពីផ្ទះ និង អគារ ផ្អើលពេញណាពេញណី។ គ្រោះរញ្ជួយដីនោះរង្គើរៀងយូរដែរ ខ្ញុំគិតថាប្រហែលជា ៧ វិនាទី ឬលើសនេះ»។

បុរសខាងលើបានបន្តទៀតថា ក៏មានការរញ្ជួយតូចៗតាមក្រោយច្រើនដែរ ប៉ុន្តែវាមិនយូរដូចការរញ្ជួយមុននោះទេ។ លោកបានបន្ថែមដែរថា បច្ចុប្បន្ន លោកក៏មិនទាន់ទទួលបានព័ត៌មានណាមួយបញ្ជាក់ពីការខូចខាតដោយគ្រោះរញ្ជួយដីនេះនៅឡើយទេ៕

ប្រភព៖ CNA