កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ សារព័ត៌មាន Khaosod បានរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍ ដែលដឹកអីវ៉ាន់ទៅបរិច្ចាគឱ្យជនរងគ្រោះនៅហាតយ៉ៃ បានជ្រុលទៅបុកឡានមួយគ្រឿងតាមផ្លូវ បណ្តាលឱ្យស្លាប់ ១ នាក់ និង របួស ១ នាក់។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅម៉ោងប្រហែល ៥ ព្រឹក លើផ្លូវមួយខ្សែនាឃុំ Pa Phayom ស្រុក Pa Phayom ខេត្ត Phatthalung។ ក្នុងនោះ ឡានបង្កហេតុជាឡានកង់ ១០ ដែលចេញដំណើរពីខេត្ត Samut Prakan ដើម្បីដឹកអីវ៉ាន់បរិច្ចាគយកទៅឱ្យជនរងគ្រោះនៅឯស្រុកហាតយ៉ៃ ខេត្តសុងក្លា។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែអ្នកបើកបរក៏បានងោកមួយភ្លែត រួចក៏បានជ្រុលទៅបុកនឹងឡានកង់ ២២ ដែលចតនៅតាមផ្លូវមួយទំហឹង។

ដោយឡែក ក្នុងនោះមានអ្នកបើកបរឡានកង់ ១០ បានរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅសង្រ្គោះ រីឯបុរសជាអ្នកដំណើរម្នាក់នៅក្នុងឡាននេះបានបាត់បង់ជីវិត។ ចំណែកខាងអាជ្ញាធរក៏បានចុះទៅត្រួតពិនិត្យ និងប្រមូលភស្តុតាងដើម្បីដំណើរការក្តីតាមផ្លូវច្បាប់ផងដែរ៕



ប្រភព៖ Khaosod