នៅរសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន អំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗ ដែលថាវៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់)។

តាមរយៈលិខិត ក្រសួងការបរទេស បានបញ្ជាក់ឱ្យដឹងថា ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន អំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗនេះ ដែលថាវៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ ១៩៨២ អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺថា តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និង ព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។

តាមលិខិតបានបន្តថា រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។ ក្នុងន័យនេះ ក្រសួងសូមស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មាន ខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និង ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
