កាលពីរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ពាក្យ «Cha Eun Woo និង មិត្តភក្តិរបស់ Zhao Ying Zi» កំពុងក្លាយជាពាក្យ Top 1 search trend លើបណ្ដាញសង្គម Weibo របស់ប្រទេសចិន។ ការផ្ទុះល្បីឈ្មោះរបស់តារាចម្រៀង និង សម្ដែងប្រុសកូរ៉េ Cha Eun Woo លើបណ្ដាញសង្គមរបស់ចិននេះដែរកើតមានឡើងក្រោយការឡាយវីដេអូរបស់តារាសម្ដែងស្រីចិនម្នាក់ឈ្មោះ Zhao Ying Zi។
អំឡុងពេល live វីដេអូនោះដែរ តារាសម្ដែងស្រីចិន Zhao Ying Zi បានទម្លាយថាមិត្តភក្តិរបស់នាងបានទាក់ទងស្នេហាគ្នាជាមួយតារាប្រុសកូរ៉េដ៏ល្បីឈ្មោះម្នាក់។ នាងបានទម្លាយទៀតថា រាល់ពេលដែលពួកគេទាំងពីរនាក់ឈ្លោះគ្នា ខាងប្រុសតែងតែវេរលុយ ១០០ លានវ៉ុន (ជិត ៧ ម៉ឺនដុល្លារ) ទៅឱ្យមិត្តស្រីគេដើម្បីសុំត្រូវគ្នាវិញ។ Zhao Ying Zi បានបន្ថែមទៀតថា មិត្តភក្តិរបស់នាងតែងតែទៅប្រទេសកូរ៉េមួយខែម្ដងដើម្បីទៅស្ប៉ា និង ទៅថែរក្សាសម្រស់។ ក្រោយមក ក៏ប្ដូរទៅជាឡើងទៅកូរ៉េមួយខែ ២ ដងវិញ ព្រោះថាមិត្តប្រុសរបស់នាងដែលជាតារាល្បីរូបនោះនឹកនាងខ្លាំងពេក។
តាមរយៈការ live វីដេអូនោះ តារាស្រីចិន Zhao Ying Zi បានបង្ហាញរូបភាពរបស់សង្សារមិត្តភក្តិរបស់នាង ហើយមហាជនក៏បានចាប់អារម្មណ៍ភ្លាមៗថា តារាប្រុសល្បីដែលនាងលើកឡើងមកនិយាយនោះគឺជាតារាកូរ៉េ Cha Eun Woo។ យ៉ាងណាមិញ ក្រៅពីជឿថារឿងនេះជារឿងពិត មហាជនជាច្រើនបែរជាងាកទៅរិះគន់តារាស្រីចិនខាងលើដូចព្យុះថារូបនាងចេះតែប្រឌិតរឿងឡើងគ្មានភស្តុតាងច្បាស់លាស់ ហើយនេះក៏មិនមែនលើកទីមួយទេដែលនាងបង្កើតរឿងឡើងបែបនេះ ក៏ព្រោះតែចង់បានចំណាប់អារម្មណ៍ពីមហាជន។
គួរឱ្យដឹងថា តារាសម្ដែងស្រី Zhao Ying Zi ប្រឡូកក្នុងវិស័យសម្ដែងមកជាង ១០ ឆ្នាំមកហើយ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងមិនបានធ្វើឱ្យមហាជនចាប់អារម្មណ៍នោះឡើយ។ រូបនាងបានសម្ដែងក្នុងនាមជាតួអង្គរាយរងក្នុងរឿងល្បីៗរបស់ចិនមួយចំនួនដូចជារឿង «God of War Zhao Zilong» «The Return of the Condor Heroes» «The Heaven Sword and Dragon Saber 2019» និង រឿង «The Legend of the White Snake» ជាដើម៕
ប្រភព៖ LAODONG