ច្រើនខែមកហើយ ដែលកម្មវិធីប្រកួតធ្វើម្ហូប MasterChef Cambodia រដូវកាលទី ៣ បានបញ្ចប់ ដោយម្ចាស់ពានបានទៅដល់លោក ឃួន សំអន ជាបេក្ខជនមកពីខេត្តបន្ទាយមានជ័យ។
ដ្បិតថាកម្មវិធីបានបញ្ចប់យ៉ាងរលូនមែន តែទំនាក់ទំនងរវាងបេក្ខជនមួយចំនួន នៅតែរាប់អានគ្នាយ៉ាងជិតដិត ហើយដូចប្រិយមិត្តភាគច្រើនបានជ្រាបរួចមកហើយថា បេក្ខជនខ្លះមិនត្រឹមតែរាប់អានជាមិត្តល្អនឹងគ្នាទេ តែក៏មានទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងស្អិតល្មួត រហូតធ្វើឱ្យមហាជនអ្នកគាំទ្របន់ឱ្យតែដល់ថ្ងៃមង្គលការឆាប់ៗទៀតផង។
យ៉ាងណាមិញ ត្រលប់មកមើលទំនាក់ទំនងរវាងអតីតបេក្ខជនឆ្នើម ២ រូប គឺកញ្ញា ឆាយ តារាម៉ាលីន និង លោក សំ សុធារិទ្ធ វិញ ដ្បិតថាកាលនៅក្នុងការប្រកួត ពួកគេម្នាក់ៗសុទ្ធតែចង់ឈ្នះពានរាងខ្លួន ប៉ុន្ដែបើនៅខាងក្រៅ អ្នកទាំងពីរមានទំនាក់ទំនងជិតដិតប្រៀបដូចជាបងប្រុសប្អូនស្រី ដោយ ម៉ាលីន តែងហៅ សុធារិទ្ធ ថា ហ៊ា ហើយសឹងតែគ្រប់ពេល ពួកគេទាំងពីរតែងបង្ហាញសកម្មភាព ឬការខំមិនលើហ្វេសប៊ុកឆ្លងឆ្លើយគ្នា ស្ដែងពីការរាប់អានយ៉ាងស្និទ្ធស្នាលគួរឱ្យសរសើរ។
ទោះបីជា សុធារិទ្ធ និង ម៉ាលីន ទើបស្គាល់គ្នាក្នុងរយៈពេលខ្លី ពោលគឺពួកគេទាំងពីរទើបស្គាល់គ្នាក្នុងការប្រកួតធ្វើម្ហូបនេះក៏ពិតមែន ប៉ុន្ដែដូចគេថាពេលវេលាមិនមែនជាបញ្ហា សំខាន់ពួកគេត្រូវធាតុគ្នា ចេះគោរពផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ដែលភាពស្មោះត្រង់ចេះយកអាសាគ្នានេះហើយ ធ្វើឱ្យមិត្តភាពនៃការរាប់អានរវាងពួកគេកាន់តែរឹងមាំ៕