បើរំឭកកាលពីអំឡុងឆ្នាំ ១៩៩៨ មហាជន អ្នកនិយមទស្សនាភាពយន្តជំនាន់មុនច្បាស់ជាស្គាល់នូវខ្សែភាពយន្តខ្មែរមួយ ដែលត្រូវបានដឹកនាំដោយ លោក ប៉ាន់ រិទ្ធី មានចំណងជើងថា «រាត្រីមួយក្រោយសង្គ្រាម» ជាក់ជាមិនខាន។
បើទោះជាខ្សែភាពយន្តនេះ អាចនឹងមានអ្នកខ្លះបានភ្លេច ហើយយុវវ័យជំនាន់ក្រោយមួយចំនួនក៏អាចនឹងមិនបានស្គាល់ក៏ថាបាន ប៉ុន្តែខ្សែភាពយន្ត ១ «រាត្រីមួយក្រោយសង្គ្រាម» ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតមកដល់ពេលបច្ចុប្បន្ន។
ក្រឡេកទៅមើលតួឯកប្រុសឈ្មោះ សុវណ្ណា សម្តែងដោយលោក រឿន ណារិទ្ធ និង តួឯកស្រីឈ្មោះ ស្រីពៅ ដែលសម្តែងដោយអ្នកស្រី ច័ន្ទ ជាលីដា ឯណោះវិញ ក៏ត្រូវបានមហាជនអ្នកធ្លាប់ទស្សនាខ្សែភាពយន្តខាងលើមានការនឹករឭកដល់អ្នកសិល្បៈរៀមច្បងទាំង ២ រូបខាងលើដូចគ្នា។
យ៉ាងណាមិញ ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុករបស់លោក ជៀប សុវិជ្ជា ប្រធាននៃ Cambodia Film Lab បានបង្ហោះរូបភាពបច្ចុប្បន្នភាពរបស់តួឯកប្រុសស្រីក្នុងរឿង «រាត្រីមួយក្រោយសង្គ្រាម» បានជួបគ្នាជាថ្មី ក្រោយភាពយន្តខាងលើបានចាក់បញ្ចាំងកាលពី ២៨ ឆ្នាំ មុន។
ស្របពេលតួឯកប្រុសស្រីក្នុងរឿង «រាត្រីមួយក្រោយសង្គ្រាម» បានមកជួបគ្នាជាថ្មីនេះដែរ មជ្ឈមណ្ឌលបុប្ឋាណា បានប្រកាសនឹងចាក់បញ្ចាំងភាពយន្តខាងលើជាថ្មីម្តងទៀត នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខ នេះ ដោយអ្នកទស្សនាអាចចូលរួមដោយសេរី។
លើសពីនោះ អ្វីដែលកាន់តែពិសេស ក្រោយការចាក់បញ្ចាំងភាពយន្តនេះហើយ អ្នកចូលរួមក៏បានជួបនឹងអ្នកស្រី ច័ន្ទ ជាលីដា និង លោក រឿន ណារិទ្ធ ជាតួអង្គឯកដោយផ្ទាល់ទៀតផង៕