ប៉ុន្មានឆ្នាំចុងក្រោយ អាជីវកម្មធំៗមានសក្តានុពលជាច្រើន បានបង្កើត និង កំពុងដឹកនាំដោយធនធានវ័យក្មេងនៅកម្ពុជា។ ជាក់ស្តែង ដូចជា ក្រុមហ៊ុន INNOTALITY ដែលជាក្រុមហ៊ុនធ្វើជំនួញក្នុងវិស័យបដិសណ្ឋារកិច្ច បច្ចុប្បន្នកំពុងត្រូវបានដឹកនាំដោយនារីវ័យក្មេងមួយរូបនោះគឺ អ្នកនាង ឃឹម មុនីរតន៍។
អ្នកនាង ឃឹម មុនីរតន៍ មានវ័យទើបតែ ២៧ ឆ្នាំ មានទាំងរូបសម្រស់ ចំណេះដឹង សមត្ថភាព និង ភាពច្នៃប្រតិដ្ឋខ្ពស់។ អ្នកនាងជាប្អូនស្រីបង្កើតរបស់ លោក ឃឹម ហ្វីណង់ ជាអភិបាលរងខេត្តសៀមរាប និង ជាអតីតអភិបាលស្រុកបន្ទាយស្រីដ៏មានប្រជាប្រិយភាព។ អ្នកនាងជាអគ្គនាយិកានៃក្រុមហ៊ុន អ៊ីនណូថេលីធី (INNOTALITY) ដែលធ្វើជំនួញក្នុងវិស័យបដិសណ្ឋារកិច្ច មានតាំងពីសណ្ឋាគារប្រណីត ភោជនីយដ្ឋាន រហូតដល់កន្លែងស្ប៉ា។ ក្នុងនោះកន្លែងល្បីៗដែលទទួលបានការគាំទ្រកន្លងមករួមមាន៖ សណ្ឋាគារ បុរីអង្គ រីសត & ស្ប៉ា, សណ្ឋាគារ Lotus Blanc, សណ្ឋាគារ The Twizt , ភោជនីយដ្ឋាន OX Club, ភោជនីយដ្ឋានជប៉ុន The Hashi, ហាងកាហ្វេ Gloria Jean’s, កន្លែងស្ប៉ា Mudita និង កន្លែងជាច្រើនទៀត ខ្លះកំពុងដំណើរការ និង ខ្លះកំពុងត្រៀមបើកថ្មី។
ជានាយិកាវ័យក្មេងមែនពិត តែបើនិយាយពីចំណេះដឹងគឺមិនធម្មតានោះឡើយ។ ផ្អែកតាមសារព័ត៌មាន Prestige អ្នកនាង ឃឹម មុនីរតន៍ បានចេញទៅរស់នៅ និង សិក្សានៅសហរដ្ឋអាមេរិកតាំងពីអាយុ ១២ ឆ្នាំ។ អ្នកនាងបានចូលរៀននៅសាលា Princess Helena College។ បន្ទាប់មកបន្តថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Manchester ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសទីផ្សារ។ បន្ទាប់មកទៀត បន្តថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិនៅប្រទេសស្វីស។ ដំណើរក្នុងអាជីពការងាររបស់អ្នកនាង រួមបញ្ចូល តួនាទីក្នុងផ្នែកទីផ្សារ និង ទំនាក់ទំនង នៅសណ្ឋាគារប្រណីត One Farrer Hotel នៅសិង្ហបុរី និង បានយកឈ្នះលើបេក្ខជនប្រមាណ ៣០០០ នាក់ សម្រាប់មុខតំណែងនៅសណ្ឋាគារដ៏ប្រណីតល្បីលំដាប់ពិភពលោក Four Seasons Hotel នៅហុងកុង។
ត្រលប់មកដល់កម្ពុជា អ្នកនាងស្រមៃចង់លើកកម្ពស់ស្តង់ដាបដិសណ្ឋារកិច្ចនៅកម្ពុជា ឱ្យឆ្ពោះទៅកាន់កម្រិតសកល ដោយប្រកួតប្រជែងបច្ចុប្បន្នភាពជាមួយគំនិតថ្មីៗ និង ប្តេជ្ញាឥតងាករេទៅកាន់ភាពឥតខ្ចោះ។ នេះហើយជាលទ្ធផលដែលក្រុមហ៊ុន មានការរីកចម្រើនកាន់តែខ្លាំង និង អភិវឌ្ឍន៍ទៅកាន់ស្តង់ដា ដែលមានការទទួលស្គាល់ទាំងជាតិ និង អន្តរជាតិ៕