ភូមិមួយនៅខេត្ត South Jeolla ប្រទេសកូរ៉េខាងត្បូង កំពុងមានការកាន់ទុក្ខជាខ្លាំងជុំវិញសោកនាដកម្មបុកឆេះយន្តហោះ Jeju Air ដែលបានឆក់យកអាយុជីវិតមនុស្សរាប់រយនាក់ រួមទាំងមួយគ្រួសារសមាជិក ៩ នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នាផងដែរ។ ជនរងគ្រោះមួយគ្រួសារនោះរួមមានលោក Bae ជាជនរងគ្រោះវ័យចំណាស់ជាងគេលើយន្តហោះ និង ជាអ្នកភូមិ Yongam ខេត្ត South Jeolla។ លោកបានធ្វើដំណើរកម្សាន្តទៅលេងប្រទេសថៃជាមួយភរិយារបស់លោក កូនស្រី ២ នាក់ រួមទាំងសមាជិកផ្សេងៗទៀតសរុបទាំងអស់ ៩ នាក់ដើម្បីអបអរខួបកំណើតគម្រប់អាយុ ៨០ ឆ្នាំរបស់លោក។
សោកនាដកម្មដែលបានឆក់យកអាយុជីវិតមនុស្សមួយគ្រួសារនេះដែរក៏បានធ្វើឱ្យសុនខមួយក្បាលដែលរង់ចាំម្ចាស់នៅផ្ទះ ត្រូវដើរតែលតោលម្នាក់ឯងពេញភូមិទាំងមិនបានដឹងសោះឡើយថាម្ចាស់របស់គេបានចាកចោលទៅគ្មានថ្ងៃត្រឡប់វិញនោះឡើយ។ សុនខមួយក្បាលនោះត្រូវបានស្គាល់ឈ្មោះថា Pudding ជាសត្វចិញ្ចឹមរបស់ចៅស្រីជនរងគ្រោះវ័យ ៥ ឆ្នាំ។ Pudding ត្រូវបានអ្នកភូមិប្រទះឃើញដើរតែលតោលជិតផ្ទះរបស់គេ។ វាដើររហូត សម្លឹងមើលរាល់ឡានដែលបើកកាត់ និង ថែមទាំងបានដើរទៅក្រវែលក្នុងមជ្ឈមណ្ឌលសហគមន៍ទំនងដូចកំពុងស្វែងរកក្រុមគ្រួសាររបស់វាអ៊ីចឹង។
អ្វីដែលកាន់តែខ្លោចចិត្តជាងនេះទៅទៀតនោះ Pudding គឺមិនព្រមចាកចេញទៅណាឡើយដោយសុខចិត្តរង់ចាំម្ចាស់នៅក្នុងផ្ទះ។ អ្នកភូមិស្រុកបាននាំគ្នាជួយគ្រប់បែបយ៉ាងដើម្បីយក Pudding ទៅមើលថែនៅផ្ទះរបស់ពួកគេ ហើយ Pudding ព្រមតាមពួកគេមែនប៉ុន្តែចុងក្រោយវានៅតែវិលត្រឡប់ទៅផ្ទះខ្លួនឯងវិញដដែល។
ជាការឆ្លើយតប ខាងអង្គការការពារសត្វ «CARE» ក៏បានចេញមុខជួយ និង ប្រកាសកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅថា ពួកគេបានជួយសង្គ្រោះ Pudding បានហើយ។ ជាក់ស្ដែង តាមរយៈវីដេអូក្នុង Youtube អង្គការ CARE បានបញ្ជាក់ថា៖ «ដោយជឿជាក់ថាស្ថានភាពរបស់ Pudding ដើរតែលតោលក្នុងភូមិដោយគ្មានម្ចាស់មើលថែគឺគ្រោះថ្នាក់ខ្លាំង ខាងអង្គការការពារសត្វ CARE ក៏បានសម្រេចចិត្តជួយសង្គ្រោះឆ្កែមួយក្បាលនេះ»។ អង្គការបានបន្ថែមទៀតថា៖ «Pudding គឺរង់ចាំក្រុមគ្រួសាររបស់វាដោយមិត្តចុះចាញ់ នៅបន្តមើលរាល់ឡានដែលបើកកាត់ក្នុងភូមិ។ រហូតទាល់តែរកបានម្ចាស់ដ៏ស័ក្តិសម អង្គការ CARE នឹងធានានៅមើលថែទាំ Pudding ឱ្យបានល្អ»៕
ប្រភព៖ AllKpop