នៅរសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអាចទៅលេងជាមួយឡាក់គី ដូចជាសាច់ញាតិ។

ការបញ្ជាក់ជំហរបែបនេះ ធ្វើឡើងតាមរយៈជំនួបនៅថ្ងៃនេះ រវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរីឡាក់គី និង ក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)។


ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើថា ក្រសួងនឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ទ្រី ស៊ីថេង ជាពិសេសការងារដែលទាក់ទងនឹងការអភិរក្សសត្វទន្សោងនៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺ ដែលជាបំណងប្រាថ្នារបស់លោកផ្ទាល់។ ដោយឡែក ចំពោះសំណើសុំការអនុញ្ញាតទៅលេង ឡាក់គី ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និង លើកទឹកចិត្តឱ្យលោកទ្រី សុីថេង អាចបានទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាកគី ដូចឪពុក និង កូន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសន្យាថានឹងនាំយកសំណើសំណូមពររបស់លោក ទ្រី សុីថេង និង បុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ៕
