ជុំវិញរឿងរ៉ាវ MV បទចម្រៀងថ្មី «សែកមន្ត» មហាជនអ្នកគាំទ្ររបស់កំពូលតារាចម្រៀងប្រុស ឧកញ៉ា ព្រាប សុវត្ថិ បានចាប់អារម្មណ៍ជ្រាបខ្លះៗរួចមកហើយ ដោយកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ លោកឧកញ៉ាបានបញ្ចេញស្នាដៃ MV បទចម្រៀងថ្មីមួយនេះ ដើម្បីអបអរសាទរគម្រប់ខួប ៨ ឆ្នាំ «ចាប៉ីដងវែង» ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
MV បទចម្រៀងថ្មីនេះដែរ ជាស្នាដៃថ្មីរបស់កំពូលតារាចម្រៀងរូបនេះ និង មានការសម្ដែង MV ដោយផ្ទាល់ពីលោកឧកញ៉ា ដោយបានគ្រងឈុតសម្លៀកបំពាក់បុរាណ និង សម័យ ដែលសម្ដែងអមដោយអ្នកលេងចាប៉ីខ្មែរដងវែងជាង ១០០ ដើម ធ្វើការប្រគំបទភ្លេងបែបបុរាណលាយសម័យផងដែរ។
ក្នុង MV នេះដែរ ក៏បានឃើញការចូលរួមសម្ដែង និង ច្រៀងដោយតារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា រួមជាមួយនឹងឧកញ៉ា ជាពិសេសមានប្លង់បញ្ចូលក្បាច់រាំប្លែកថ្មីៗ ព្រមទាំងមានប្លង់អ្នករាំពាក់ក្បាលតុក្កតាដ៏ពេញនិយមឈ្មោះថា labubu ទៀតផង។
យ៉ាងណាមិញ ក្រោយពី MV បទចម្រៀង «សែកមន្ត» របស់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ បញ្ចេញជាផ្លូវការ ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រជាច្រើនបានផ្ទុះការចាប់អារម្មណ៍ចែករំលែកខ្លាំងភ្ជាប់ជាមួយនឹងការបញ្ចេញមតិវែកញែករៀងៗខ្លួនទៅលើបទចម្រៀងនេះ។ បើចាប់អារម្មណ៍មតិវែកញែករិះគន់ភាគច្រើន គឺសំដៅលើប្លង់ថតដែលមានតុក្កតា Labubu ដែលធ្វើឱ្យមហាជនមិនសូវពេញចិត្ត ព្រោះជាប្រភេទបទចម្រៀងបុរាណខ្មែរ។
ដោយឡែក មកដល់ថ្មីៗនេះ ក្រោយពីចេញ MV បទចម្រៀងផ្ទុះការវែកញែកប៉ុន្មានថ្ងៃមកនេះ ទីបំផុតម្ចាស់ផលិតកម្មកាឡាក់ស៊ី ក៏បានបង្ហោះប្រកាសឱ្យអ្នកដឹកនាំផលិត លុបនូវ MV បទចម្រៀង «សែកមន្ត» ដែលមានអ្នកទស្សនារហូតដល់ ៤ លាននាក់នោះហើយ ដើម្បីធ្វើការកែសម្រួលឡើងវិញ និង កាត់ចេញនូវប្លង់ដែលមានតុក្កតា Labubu ទាំងអស់ចេញពី MV បទនេះផងដែរ។
ក្នុងនោះ ក៏បានឃើញហ្វេសប៊ុកផេករបស់ឧកញ៉ា ព្រាប សុវត្ថិ ក៏បានចែករំលែកពីម្ចាស់ផលិតកម្ម និង ភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «ខ្ញុំបាទពិតជារីករាយដែលអ្នកដឹកនាំសម្ដែងបានទទួលយក និង កែប្រែចំណុចខ្វះខាត ដែលអ៊ំពូមីងបងប្អូនចូលរួមផ្ដល់មតិស្ថាបនាដេីម្បីសិល្បៈកម្ពុជាកាន់តែឈានទៅមុខថែមទៀត!»៕