សារព័ត៌មានបរទេសជាច្រើនបានចេញផ្សាយនូវគ្រោះអគ្គិភ័យដ៏អាក្រក់បំផុតមួយនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ដែលបានរាលដាលឆេះព្រៃយ៉ាងសន្ធោសន្ធៅបំផុតរហូតគ្រប់គ្រងមិនបានតាំងពីព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ កន្លងទៅមកម្ល៉េះ។
អគ្គិភ័យឆាបឆេះព្រៃដ៏អាក្រក់បំផុតនៅដើមឆ្នាំ ២០២៥ នេះដែរ បានរាលដាលឆេះពាសពេញជាយក្រុង Los Angeles ដោយគិតមកត្រឹមពេលនេះបានរាលដាលឆេះបំផ្លិចបំផ្លាញក្នុងផ្ទៃដីរហូតជិត ១២០០ ហិកតាក្នុងតំបន់ Pacific Palisades និង រំពឹងថារាលដាលឆេះលើសនេះទៀត។ ភ្លើងឆេះព្រៃនេះដែរគឺលក្ខណៈទ្រង់ទ្រាយធំខ្លាំងរហូតស្ថានភាពមិនអាចគ្រប់គ្រងបាន និង ដើម្បីជាការធានាសុវត្ថិភាពពលរដ្ឋ ខាងអាជ្ញាធរក៏បានធ្វើការជម្លៀសពលរដ្ឋប្រមាណជាង ៣ ម៉ឺននាក់នៅតាមតំបន់រងគ្រោះចេញទៅទីតាំងសុវត្ថិភាព។
គួរឱ្យដឹងផងដែរថា បើតាមការបញ្ជាក់ពីលោក Kristin Crowley ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំក្រុង Los Angeles បានឱ្យដឹងថា មកទល់ពេលនេះមិនទាន់មានរបាយការណ៍ណាបញ្ជាក់ពីអ្នកស្លាប់ ឬរបួសក្នុងហេតុការណ៍ឆេះព្រៃនេះនៅឡើយទេ ខណៈការខូចខាតទ្រព្យសម្បត្ត ផ្ទះសម្បែងពលរដ្ឋក៏នៅមិនទាន់មានការបញ្ជាក់ដូចគ្នា៕