ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងផ្ទុះការភ្ញាក់ផ្អើលមួយ បន្ទាប់ពីបានទស្សនាវីដេអូបុរសអ្នកបើកឡានដឹកទំនិញម្នាក់ ក្រោយជួបហេតុការណ៍ត្រូវបុរស ២ នាក់ ជាអង្គរក្សប្រើអំណាចការពារមេហួសហេតុ ធ្វើឱ្យប៉ះពាល់អារម្មណ៍ទៅលើបុរសជាអ្នកបើកបរ។

ក្រោយពីបានឃើញករណីនេះតាមបណ្ដាញសង្គមរួច លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឱ្យជំនាញពិនិត្យមើលសកម្មភាពរបស់បុគ្គលជាអង្គរក្ស ២ នាក់ ត្រូវហៅមកសួរនាំ និង អប់រំបន្ទាន់ ដោយបានបញ្ជាក់បែបនេះ ៖ «ខ្ញុំបាទបានឃើញរូបភាព និង សកម្មភាពបែបនេះ ពិតជាមិនអាចទទួលយកបានទេ។ ខ្ញុំបានដាក់បទបញ្ជាឱ្យជំនាញកោះហៅមកសួនាំ អំពីសកម្មភាពតាមដងផ្លូវសាធារណៈបែបនេះ (សូមកុំធ្វើទង្វើឱ្យមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ)»។


យ៉ាងណាមិញ ក្នុងករណីនេះបើតាមផេកផ្លូវការ ឯកឧត្តម ខៀវ កាញារីទ្ធ បានឱ្យដឹងថា ៖ «ម្ចាស់រថយន្តមានឈ្មោះ ធាង ទ្រី អាយុ ៥៣ ឆ្នាំ ជាថៅកែកាហ្វេ មិនមែនជាឧត្ដមមន្ត្រីទេ ដូច្នេះសូមបងប្អូនកុំយល់ច្រលំថារថយន្តនោះជារថយន្ត អ្នកមានអំណាច។ អ្នកមានអំណាចបច្ចុប្បន្នល្អៗណាស់ គេមិនធ្វើទង្វើអាក្រក់តាមដងផ្លូវបែបនេះទេ។ សូមសមត្ថកិច្ចអញ្ជើញអង្គរក្សលោក ធាង ទ្រី មកសាកសួរផង ផ្ទះនៅព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ»៕
